សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំកម្មវិធីបងស្រី និងប្អូនស្រីលើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»
AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥–លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី ០២ ខែ មីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។

នេះគឺជាលើកទី៥ ហើយនៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម។ ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។

មានប្រសាសន៍នៅលើវេទិកា លោកជំទាវបណ្ឌិតអគ្គស្នងការ បានលើកទឹកចិត្តប្អូនៗយុវតីត្រូវចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម ព្រោះការងារសង្គមពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវតីកម្ពុជារបស់យើង។ លោកជំទាវបានបញ្ជាក់ថា ការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលអាចធ្វើឱ្យប្អូនៗ កសាងសមត្ថភាព និងបណ្ដុះភាពជឿជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសមួយរីកច្រើនទៅបានទាល់តែមានការចូលរួមទាំងបុរស និងស្រ្តី ។

នៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ល្អៗ ក្នុងការប្រឡូកការងារសង្គមតាំងពីគ្រាដំបូង ព្រមទាំងបានចែករំលែកនូវសារគន្លឹះសំខាន់៤ចំណុចដល់ប្អូនៗ នៅក្នុងវេទិកា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «មិនត្រូវធ្វើរឿងអវិជ្ជមានដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូ និងចែករំលែកជួយដល់អ្នកទន់ខ្សោយ, បណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិយើង ព្រោះគ្មានជាតិសាសន៍ណាមកស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។

គួរជម្រាបជូនថា កម្មវធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាពរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សាអប់រំ និងបណ្ដុះនូវភាពជាអ្នកដឹកនាំដល់ពួកគេ។ នេះគឺបេសកកម្មយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





