ឯកឧត្តម សោម ស៊ុន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់កុដិនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត
AKP កំពង់ធំ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រួមជាមួយសហការី កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់កុដិ១ខ្នង នៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមជំនួយឧបត្ថម្ភរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងជំនួយឧបត្ថម្ភរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត។

លោកតា វង់ យ៉ុល គណៈកម្មការអាចារ្យវត្ត តំណាងព្រះតេជគុណ ជុំ ម៉ុត ព្រះគ្រូចៅអធិការវត្តស្រែវាលខាងកើត បានឡើងរាយការណ៍អំពីគម្រោងផែនការនៃការសសាងសង់កុដិថ្មីនេះធ្វើបេតុងប្រក់ក្បឿងតាមរចនាបថខ្មែរ ដែលមានទំហំ៩៦ម៉ែត្រការ៉េ និងបានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម សោម ស៊ុន និងក្រុមការងារ ដែលបានចួលរួមប្រគេនទេយ្យទាន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ចង្ហាន់ព្រះសង្ឃ និងឥដ្ឋប្រហោងចំនួន៥០០០ដុំ និងថវិកាមួយចំនួនចូលរួមក្នុងការសាងសង់កុដិ១ខ្នងក្នុងទីអារាមនេះ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់វិស័យព្រះពុទ្ធសាសនាជូនដល់ប្រជាពុទ្ធបរិស័ទ គោរពបូជា។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យអាណាចក្រ និងពុទ្ធចក្រ មានការរីកចម្រើនរុងរឿងគួរជាទីមោទនៈ។ បច្ចុប្បន្ននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានវត្តអារាមជាង៥០០០ វត្តនិងមានព្រះសង្ឃគង់នៅជាង៧ម៉ឺនអង្គ ដែលជាទីគោរពបូជារបស់ពុទ្ធសាសនិកជនដែលគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សោម ស៊ុន ក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តរួមគ្នាថែរក្សាឱ្យបានសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូតដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀតក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ម៉ឺងម៉ាត់ និងឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅឧបត្ថម្ភជូនសមាជិកគ្រួសារបក្សចំនួន៣សពដែលបានទទួលមរណភាពនាពេលថ្មីៗកន្លងទៅនេះនៅភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ត្រីខកំប៉ុងចំនួន២យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាចំនួន២០ម៉ឺនរៀល៕
ដោយ ស៊ុម វណ្ណា





