លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រា និងកុមារពិការភ្នែក គ ថ្លង់ នៅវិទ្យាល័យអប់រំពិសេសក្នុងក្រុងកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម រួមនឹងដឹកនាំសមាជិកា សាខាសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាគ្រឿងបរិភោគ និងថវិកា ចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលក្មេងកំព្រាខេត្តកំពង់ចាម និង កុមារ ពិការភ្នែក គ ថ្លង នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ក្រុងកំពង់កំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។


នាឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សជាកុមារពិកាភ្នែក គ ថ្លង់ និងកុមារកំព្រាទាំងអស់ លោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ចំពោះប្អូនកុមារទាំងអស់ និងបានផ្ដាំផ្ញើដល់ក្មួយៗ ត្រូវចេះថែរក្សាសុខភាពរបស់ខ្លួន និងខិតខំរៀនសូត្រឱ្យបានពូកែ ព្រោះចំណេះដឹងគឺស្ពាននៃអនាគតរបស់ក្មួយក្នុងកម្រិតនៃចំណេះដឹងទូទៅ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានិងឯកទេសដទៃទៀត ដើម្បីកសាងអនាគតរបស់ខ្លួន។


សូមបញ្ជាក់ថា អំណោយដែលលោកជំទាវ និងសមាជិកានាំយកមកចែកជូនទាំងពីរសាលា នាឱកាសនោះ រួមមាន អង្ករ២០០គីឡូក្រាម មី២កេសធំ ទឹកសុទ្ធ១០កេស ទឹកក្រូច៤កេស នំ ចំណីសម្រាប់ក្មេងៗ១០កញ្ចប់ធំ និងថវិកា២លានរៀលផងដែរ៕
ដោយ ឆាយ ម៉ុត





