ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានចង្អុលបង្ហាញពីសមិទ្ធផលសំខាន់ៗដែលខេត្តបន្ទាយមានជ័យបានសម្រេចក្នុងឆ្នាំ២០២៤ ក្នុងការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ។ ការងារដែលបានធ្វើរួមមានការកែលម្អប្រព័ន្ធព្រមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលកម្មករ និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប្រឈមនឹងគ្រោះមហន្តរាយ។ លើសពីនេះ ខេត្តបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតបនឹងស្ថានភាពគ្រោះមហន្តរាយ។
ចំពោះទិសដៅឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីតម្រូវការការងារជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះ មានការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាឃ្លាំមើលគ្រោះមហន្តរាយ ការបន្តការបណ្តុះបណ្តាល និងការលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការរៀបចំផែនការប្រឈមនឹងគ្រោះមហន្តរាយ និងបានអំពាវនាវឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាការងារជាក់ស្តែង និងមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ខេត្តបន្ទាយមានជ័យក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងបានចាត់ទុកជាឱកាសមួយដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលបានសម្រេច ព្រមទាំងកំណត់ទិសដៅថ្មីសម្រាប់ឆ្នាំ២០២៥។ ក្រោមការដឹកនាំរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រីកិច្ចប្រជុំនេះបានបញ្ចប់ដោយជោគជ័យ និងបានផ្តល់ការណែនាំច្បាស់លាស់សម្រាប់ការងារនាពេលអនាគត។
ឯកឧត្តមបានសម្តែងការអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នករួមការងារទាំងអស់ និងជំរុញឱ្យបន្តការខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាព និងការអភិវឌ្ឍខ្នាតធំនៃខេត្តបន្ទាយមានជ័យ៕
ដោយ ឈុន សារ៉ាត





