ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម៖ អតីតយុទ្ធជនគឺជាធនធានដ៏មានតម្លៃរបស់ជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត មន្ត្រីរាជការ និងអតីតយុទ្ធជនជាច្រើនរូបប្រារព្ធធ្វើនៅទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកជូនដល់បងប្អូនសមាគមអតីតយុទ្ធជនកម្ពុជាក៍ដូចជាអតីតយុទ្ធជននៅគ្រប់ទីកន្លែងដែលជានិច្ចកាល សម្តេចតេជោនិងសម្តេចធិបតីតែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅនោះ។

ក្នុងសុន្ទរកថារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៤។ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកសកម្មភាពរបស់សមាគម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេបានប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថា «អតីតយុទ្ធជន គឺជាធនធានដ៏មានតម្លៃរបស់ជាតិ។ ពួកគេបានលះបង់កម្លាំងកាយចិត្ត និងជីវិតរបស់ពួកគេ ដើម្បីការពារជាតិមាតុភូមិ។ ដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ និងគាំទ្រពួកគេឱ្យបានពេញលេញ» និងបានលើកឡើងនូវទិសដៅអនុវត្តន៍បន្តសម្រាប់ឆ្នាំ២០២៥ ដែលរួមមាន បន្តពង្រឹង និងពង្រីកសមាជិកភាពរបស់សមាគម។ លើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគេ តាមរយៈការផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច សុខភាព និងសង្គម។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់សេវាគាំទ្រឱ្យបានកាន់តែប្រសើរដល់អតីតយុទ្ធជន។ ជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់អតីតយុទ្ធជន និងកូនចៅរបស់ពួកគេ។ ថែរក្សា និងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងស្នាដៃរបស់អតីតយុទ្ធជន។

ជាមួយគ្នានេះដែរ អតីតយុទ្ធជនដែលបានចូលរួម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍ទិសដៅដែលបានកំណត់៕
ដោយ ឈុន សារ៉ាត





