ឯកឧត្តម នួន ផារ័ត្ន អញ្ជើញបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៤និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥
AKP កំពង់ធំ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ពីសមិទ្ធិផលទាំងអស់ជាព័ត៌មានមួយដ៏សំខាន់ សម្រាប់ជាមូលដ្ឋាន ក្នុងការពិចារណា ពិភាក្សា នៅក្នុងកិច្ចប្រជុំនេះ និងដើម្បីឱ្យការអនុវត្តការងារនៅឆ្នាំបន្ទាប់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ នៅក្នុងរបៀវារៈនៃកិច្ចប្រជុំមានធ្វើបទបង្ហាញតាមបណ្តាជំនាញរួមមាន៖ បទបង្ហាញរួមការងារក្សេត្រសាស្ត្រ កសិឧស្សាហកម្ម កៅស៊ូ ការងារផលិតកម្មនិងបសុព្យាបាល ការងារនីតិកម្មកសិកម្ម បទបង្ហាញលទ្ធផលការងាររបស់មន្ត្រីកសិកម្មឃុំ/សង្កាត់ បទបង្ហាញការងារខណ្ឌរដ្ឋបាលជលផល បទបង្ហាញការងារខណ្ឌរដ្ឋបាលព្រៃឈើ និងការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកបារាយណ៍នូវលទ្ធផលសំខាន់ៗ បញ្ហាប្រឈម ដោយលើកយកវិធានការចាំបាច់មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នា ក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។ កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយគុណភាព។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទត្រូវយកចិត្តទុកដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៤។ ពង្រឹងការគ្រប់គ្រងធនធានជលផល ដីធ្លី ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ និងបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រាល់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញ ដោយផ្សារភ្ជាប់ទៅនឹងការសិក្សាស្រាវជ្រាវ រិះរកមធ្យាបាយ និងវិធានការនានាដើម្បីប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប។
ទន្ទឹមនឹងនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់មន្រ្តីរាជការដែលបម្រើការងារមានស្នាដៃល្អចំនួន៤៦៤៦រូបផងដែរ៕
ដោយ ស៊ុម វណ្ណា





