មនុស្សជាង៨០០នាក់ ជួបជុំគ្នាក្នុងយុទ្ធនាការ «អច្ឆរិយធម្មជាតិនៃកម្ពុជា» បង្ហាញការប្តេជ្ញាចិត្តរួមគ្នាការពារធនធានធម្មជាតិនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--ក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃកាលពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យលើសពីការរំពឹងទុក ដោយពោរពេញទៅដោយការចែករំលែកចំណេះដឹង បទពិសោធន៍ និងការបំផុសគំនិតឱ្យចូលរួមថែរក្សាធម្មជាតិ។ ក្រោមការគាំទ្រ និងការចូលរួមពីតំណាងស្ថាប័នរដ្ឋ អង្គការអភិរក្ស វិស័យឯកជន សហគមន៍ និងដៃគូនានា យុវជន ក្រុមគ្រួសារ កុមារ និងអ្នកស្រឡាញ់ធម្មជាតិ បានស្វែងយល់ពីជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងសត្វព្រៃកម្ពុជា ព្រមទាំងស្គាល់កាន់តែប្រសើរពីសហគមន៍ គំនិតផ្តួចផ្តើម និងស្ថាប័នដែលកំពុងខិតខំអភិរក្សធនធានដ៏មានតម្លៃទាំងនេះ។

អ្នកចូលរួមរាប់រយនាក់ក៏បានបន្សល់ទុកនូវការប្តេជ្ញាការពារសត្វព្រៃ និងធម្មជាតិនៅលើ «ផ្ទាំងប្តេជ្ញាចិត្ត» ដែលឆ្លុះបញ្ចាំងពីក្តីសង្ឃឹម និងការទទួលខុសត្រូវរួមរបស់យើង។ ពួកគាត់ក៏បានសរសេរសារថ្លែងអំណរគុណចេញពីដួងចិត្ត ជូនចំពោះសហគមន៍ និងអ្នកការពារធនធានធម្មជាតិនៅជួរមុខ ដែលខិតខំបំពេញការងារជារៀងរាល់ថ្ងៃ។
ព្រឹត្តិការណ៍នេះក៏បានបង្កើតទំនាក់ទំនង និងឱកាសសហការថ្មីៗបន្ថែមរវាងស្ថាប័ន រដ្ឋ អភិរក្ស និងក្រុមយុវជន ដើម្បីបន្តសកម្មភាពរួមគ្នា។គណៈកម្មការរៀបចំកម្មវិធីនឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ រៀបចំផែនការសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីប្រែក្លាយចំណេះដឹង ការប្តេជ្ញាចិត្ត និងទំនាក់ទំនងទាំងនេះ ទៅជាសកម្មភាពជាក់ស្តែងសម្រាប់ធម្មជាតិ។

រាល់ចំណេះដឹងដែលយើងយកទៅចែករំលែក ការប្តេជ្ញាចិត្តដែលយើងរក្សា និងសកម្មភាពដែលយើងធ្វើ សុទ្ធតែរួមចំណែកកសាងអនាគតដែលមនុស្ស និងធម្មជាតិអាចរីកចម្រើនជាមួយគ្នា ។

អង្គការ CI បានអរគុណដល់ស្ថាប័នរដ្ឋ អង្គការអភិរក្ស សហគមន៍ ដៃគូគាំទ្រ វាគ្មិន អ្នកស្ម័គ្រចិត្ត ក្រុមការងារ និងអ្នកចូលរួមទាំងអស់។ កម្លាំងចិត្ត ពេលវេលា និងការរួមចំណែករបស់អ្នកទាំងអស់គ្នា បានធ្វើឱ្យ «អច្ឆរិយធម្មជាតិនៃកម្ពុជា» ក្លាយជាវេទិកាដ៏មានអត្ថន័យសម្រាប់ការរៀនសូត្រ ការផ្សារភ្ជាប់ទំនាក់ទំនង និងការធ្វើសកម្មភាពរួមគ្នាដើម្បីធម្មជាតិ ៕
ដោយ ណយ នឿន (ប្រភព៖CI)





