ឧត្តមសេនីយ៍ទោ សោម ស៊ុន លើកទឹកចិត្ត និងប្រគល់ភារកិច្ចជូនកម្លាំងទីបញ្ជាការស្រាលបង្ក្រាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្តាន់
AKP កំពង់ធំ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកទឹកចិត្ត និងប្រគល់ភារកិច្ច ព្រមទាំងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនដល់កងម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងស្ថាប័នបរិស្ថានទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដោយគ្មានការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិជាថ្មីទៀតបានឡើយហើយបច្ចុប្បន្នកងកម្លាំងចម្រុះកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការល្បាតធ្វើសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយបានបញ្ជាក់ថា ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យ គួរជាទីមោទនៈ។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានចេញបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់យោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ដាច់ខាតមិនឱ្យមានបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទកើតមានឡើងជាថ្មីទៀតបានឡើយ។ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួន ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជាដាច់ខាត។ ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជានេះ ត្រូវទទួលវិន័យតាមច្បាប់ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវប្រេងសាំងចំនួន១៥០លីត្រ អង្ករចំនួន១២៥គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤យួរ មីចំនួន៥កេស និងត្រីខកំប៉ុងចំនួន៥យួរ ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនកងកម្លាំងចម្រុះ ដែលប្រចាំការនៅទីបញ្ជាការស្រាល តំបន់ព្រៃឡង់ ឃុំមានរិទ្ធ ស្រុកសណ្តាន់ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





