អភិបាលខេត្តកំពង់ស្ពឺអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយ ព្រមទាំងណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់លើសុខភាព មុខរបរកសិកម្ម និងឱកាសការងារក្នុងមូលដ្ឋាន
AKP កំពង់ស្ពឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារ ស្ថិតនៅភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារ ហើយមិនមានការដឹងឮពីអាជ្ញាធរ ឬកាកបាទក្រហមនោះឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាពឱ្យបានល្អ។ ទន្ទឹមនឹងនេះ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តកំពុងបន្តពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងបន្ថែមមន្ត្រីជំនាញ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើនប្រសិទ្ធភាពជូនបងប្អូនក្នុងការមកពិនិត្យ និងពិគ្រោះជំងឺជាមួយលោកគ្រូ-អ្នកគ្រូពេទ្យ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរកសិកម្មខេត្ត ក្នុងការទទួលយកពូជស្រូវសុទ្ធល្អយកទៅធ្វើស្រែចម្ការ ដើម្បីធានាបាននូវទិន្នផលខ្ពស់។ ដោយឡែក ចំពោះជីវភាពរស់នៅ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងស្រុកសាមគ្គីមុនីជ័យ មានការរីកចម្រើន និងមានរោងចក្រ សហគ្រាសជាច្រើនកំពុងដំណើរការ ដែលបង្កឱកាសការងារយ៉ាងសំបូរបែប សម្រាប់បងប្អូនប្រជាពលរដ្ឋ និងស្រទាប់យុវជនអាចស្វែងរកការងារធ្វើដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ការងារសន្តិសុខសុវត្ថិភាពនៅក្នុងសហគមន៍ ព្រមទាំងចូលរួមគ្រប់គ្រងកាកសំណល់ សំរាម និងធ្វើអនាម័យ សម្អាតទីធ្លាជុំវិញលំនៅឋានរៀងៗខ្លួនឱ្យបានស្អាតល្អ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ និងលើកកម្ពស់សោភ័ណភាពភូមិឃុំឱ្យកាន់តែប្រសើរឡើងផងដែរ៕

ដោយ ម៉ែន ប៊ុនធីម





