ឧត្តមសេនីយ៍ទោសោម ស៊ុនសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់លិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានចូលរួមសាងសង់សាលប្រជុំ
APK កំពង់ធំ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជននានា ដែលបានចូលរួមចំណែកជាមួយឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ក្នុងការសាងសង់សាលប្រជុំ១ខ្នងទំហំ ៣៦០ម៉ែត្រក្រឡា សម្រាប់ជូនបងប្អូនអតីតយុទ្ធជន ប្រើប្រាស់ជាប្រយោជន៍រួម នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអ្នកសម្របសម្រួលក្នុងការគ្រប់គ្រងបងប្អូនអតីតយុទ្ធជន និងជាអ្នកដឹកនាំក្នុងការសាងសង់សាលប្រជុំជូនបងប្អូនអតីតយុទ្ធជន បានឡើងរាយការណ៍ អំពីស្ថានភាពជីវភាព និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតជោធិបតីថ្លុកព្រីង ដែលមានចំនួន ២៦៩គ្រួសារ និង ២៤១ ខ្នងផ្ទះ ។ ក្នុងនោះមាន ១០០ខ្នងផ្ទះ ដែលដែលទើបមករស់នៅក្នុងឆ្នាំ ២០២៥ និងថ្មីៗនៅឆ្នាំ ២០២៦នេះ កំពុងជួបការលំបាកមិនទាន់មានផ្លូវធ្វើដំណើរ និងមានការរៀបចំប្រព័ន្ធបណ្ដាញអគ្គិសនីជូនបងប្អូននៅឡើយ។

ទន្ទឹមនឹងនេះលោកវរសេនីយ៍ទោ ទិត ចាន់ ក៏បានរាយការណ៍អំពីដំណើរការនៃការសាងសង់សាលប្រជុំថ្មីនេះ ដែលត្រូវបានចំណាយទឹកប្រាក់សរុបចំនួន ១ម៉ឺនដុល្លារ និង ១៤.៤០៥.០០០រៀល ក្នុងនោះឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺមដុល្លារសហរដ្ឋអាមេរិកព្រមទាំងសប្បុរសជនមួយចំនួនទៀត ដែលបានចូលរួមចំណែក ក្នុងការសាងសង់នេះបានទទួលលិខិតថ្លែងអំណរគុណនៅពេលនេះផងដែរ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលសម្ដេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខនិងជីវភាពរស់នៅចំពោះបងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងសូមជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាកិច្ចដំណើរការក្នុងការសាងសង់សាលប្រជុំជូនដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមចំណែកក្នុងការបំពេញបន្ថែមឱ្យសាលប្រជុំរបស់បងប្អូនអតីតយុទ្ធជនបានចេញជារូបរាងនៅថ្ងៃនេះ ប៉ុន្តែនៅខ្វះថវិកាមួយចំនួនទៀត ដើម្បីរៀបចំចាក់សាបក្រាលបាតក្រោម និងខឿនជុំវិញ ព្រមទាំងសាងសង់បង្គន់អនាម័យមួយខ្នង និងថ្នាំពណ៍សម្រាប់លាបជញ្ជាំងកែលម្អសោភ័ណភាពបន្ថែមទៀត ។

ដោយឡែកពាក់ព័ន្ធនឹងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលមានការលំបាកផ្លូវធ្វើដំណើរ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដាក់សំណើររួចហើយទៅក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ ចំពោះបញ្ហាការរៀបចំបណ្ដាញភ្លើង ចំពោះមុខនេះ ឯកឧត្តម នួន ផារ័ត្ន បានសម្រេចផ្ដល់អំពូលភ្លើងសូឡាចំនួន ៤០ដើម ដើម្បីដាក់បំភ្លឺតាមដងផ្លូវ ដែលនឹងត្រូវរៀបចំជូនបងប្អូននៅពេលខាងមុខនេះ៕
ដោយ ស៊ុម វណ្ណា





