ឯកឧត្តម គួច ចំរើន៖ កងទ័ពម្នាក់គឺជាអ្នកសារព័ត៌មានម្នាក់
AKP កណ្ដាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា កងទ័ពម្នាក់គឺជាអ្នកសារព័ត៌មានម្នាក់ ព្រោះថាកងទ័ពម្នាក់អាចធ្វើការផ្សព្វផ្សាយនូវព័ត៌មានដែលល្អៗ តាមប្រព័ន្ធបណ្ដាញសង្គម ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នាដែរ យើងទាំងអស់គ្នាត្រូវចូលរួម ប់ស្កាត់ព័ត៌មានដែលមានការញុះញង់ ដែលបង្កឱ្យមានការអសន្តិសុខសង្គម នៅក្នុងប្រទេសរបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កងទ័ពមិនត្រូវចេះតែជំនាញតែមួយមុខនោះទេ ប្រសិនបើមានឱកាសយើងត្រូវមានជំនាញយ៉ាងតិចចាប់ពី២ជំនាញឡើងទៅ។ កងទ័ពត្រូវសិក្សាស្រាវជ្រាវនូវសភាវុធទំនើបៗ និងបច្ចេកវិទ្យាថ្មីៗក្នុងសម័យទំនើបនេះ។ ហើយកងទ័ពរបស់យើងត្រូវគិតគូរប្រជាពលរដ្ឋជាធំ ប្ដេជ្ញាថែរក្សានូវសុខសុវត្ថិភាពប្រជាពលរដ្ឋជាធំ មិនត្រូវបង្កភាពអនាធិបតេយ្យ អសន្តិសុខសង្គម និងបង្កឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ឡើយ ព្រមទាំងបន្តរួមរស់ជាមួយប្រជាពលរដ្ឋប្រកបដោយសុខដុមរហូតទៅ ។

ការថ្លែងដូចនេះនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងកណ្ដាល នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





