កងកម្លាំងជួរមុខ (កម្ពុជា-ថៃ) ប្តេជា្ញរួមគ្នាបន្តពង្រឹងទំនាក់ទនងល្អទប់ស្កាត់រាល់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--កងកម្លាំងប៉ុស្តិ៍នគរបាលវរសេនាតូចការពារព្រំដែនគោក៨៩១ នៅចំណុចក្បាលស្ពាន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងកម្លាំងកងអនុសេនាធំលេខ១៣០៤ ទាហានឈុតខ្មៅរបស់ព្រះរាជាណាចក្រថៃ បានបង្ហាញការប្តេជ្ញារួមគ្នាបន្តពង្រឹងទំនាក់ទំនងល្អទប់ស្កាត់រាល់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាបានសុវត្ថិភាពសន្តិសុខជូនដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាង ដែលបានធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សាការងារកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចពិភាក្សាបានធ្វើឡើងនៅគោលដៅរោងម៉ាស៊ីនដីក្រុមហ៊ុន ភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពាន ទឹកដីខ្មែរ ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមាសភាពរួមមាន ភាគីកម្ពុជា ដោយលោក វរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានដឹកនាំកម្លាំង នឹងមានការចូលរួមពីលោកអនុសេនីយ៍ឯក ដួង សំអូន នាយផ្នែកសេនាធិការ និងលោកនាយរងប៉ុស្តិ៍ ព្រមទាំងមន្ត្រីក្នុងប៉ុស្តិ៍សរុបចំនួន ០៨ នាក់។ ភាគីថៃ កម្លាំងកងអនុសេនាធំលេខ១៣០៤ ចំនួន០៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ទោ អៈនុវ៉ាត់គុតវីឡា មេបញ្ជាការកងរយលេខ១៣០៤។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១បានប្រាប់ឱ្យដឹងថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់ស្តីពីការទំនាក់ទំនងល្អបង្កភាពជិតស្និទ្ធ រវាងកងកម្លាំងជួរមុខកម្ពុជា-ថៃ ដើម្បីពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនជាប់ភូមិសាស្ត្រគ្នា កម្ពុជា-ថៃ។ បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ រាល់បទល្មើសជួញដូរគ្រឿងញៀន ទប់ស្កាត់អាវុធជាតិផ្ទុះគ្រប់ប្រភេទ ទប់ស្កាត់ការលួចធ្លងដែនខុសច្បាប់គ្រប់ប្រភេទ បើសិនជាមាន ពលករ ឬប្រជាពលរដ្ឋលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ បើសមត្ថកិច្ចថៃចាប់បាន សូមឱ្យផ្តល់ពត៌មានបញ្ជូនមកកងកម្លាំងនគរបាលការពារព្រំដែនភាគីកម្ពុជានោះវិញ ព្រោះថាភាគីកម្ពុជាមិនអនុញ្ញាតឱ្យឆ្លងដែនខុសច្បាប់នោះឡើយ។ សុំជួយទប់ស្កាត់រាល់សាច់បង្កកលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។ សុំជួយអន្តរាគមន៍ រាល់មានបញ្ហាប្រជាពលរដ្ឋឈឺស្កាត់ ជាយថាហេតុណាមួយ ដូចជា ឆ្លងទន្លេ មិនថាយប់ ឬថ្ងៃ សុំជួយបញ្ជូនទៅព្យាបាលតាមមន្ទីពេទ្យដែលនៅជិតបំផុត។ ចំពោះរឿងព្រំដែនបើសិនមានប្រជាពលរដ្ឋ កម្ពុជា ឬ ថៃ បានចាក់ដីចូលអូរព្រំដែន ឬបាក់ច្រាំងបើសិនជាមាន ត្រូវផ្តល់ពត៌មាន ដោះស្រាយតាមនិតីវិធី ត្រួតពិនិត្យរួមគ្នា និងធ្វើរបាយការណ៍ជូនទៅថ្នាក់ដឹកនាំរៀងៗខ្លួនបន្ត។

លោក វរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១ បានបញ្ជាក់ឱ្យដឹងថា ជំនួបពិភាក្សាខាងលើបានគូសបញ្ជាក់ថា រាល់បញ្ហាពាក់ព័ន្ធការងារព្រំដែនយើងមានគណៈកម្មាធិការវាស់វែងព្រំដែន កម្ពុជា-ថៃ (ថ្នាក់ជាតិ) ក្នុងការកំណត់ទីតាំងសូមរក្សាសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់ជាធម្មតា។

ភាគីកម្ពុជាល្បាតនៅចំណុចណាល្បាតនៅចំណុចនោះ ភាគីថៃល្បាតនៅចំណុចណាល្បាតនៅចំណុចនោះ ពុំមានការរំលោភបំពានគ្នាទៅវិញទៅមកឡើយ។ ក្នុងកិច្ចជំនួបពិភាក្សា កម្លាំងជួរមុខ (កម្ពុជា -ថៃ ) នេះមានសំណូមពរដូចគ្នា និងឯកភាពតាមខ្លឹមសារខាងលើ។

ភាគីថៃ ស្នើសុំភាគីកម្ពុជា ទៅជំនួបប្រជុំពិភាក្សាការងារខាងទឹកដីថៃវិញម្តងដើម្បីទំនាក់ទំនងរវាងកម្លាំងជួរមុខហើយ មុននឹងបញ្ចប់ភាគីទាំងពីបានជូនកាដូអនុស្យាវរីយ៍ទៅវិញទៅមក ព្រមទាំងបាយសាមគ្គីរួមគ្នាផងដែរ៕
ដោយ ឈុន សារ៉ាត





