អភិបាលស្រុកស្ទោងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអភិវឌ្ឍមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអភិវឌ្ឍមូលដ្ឋាន ក្នុងឱកាសអញ្ជើញដឹកនាំសហការី និងក្រុមបច្ចេកទេស ចុះពិនិត្យមើលទីតាំង និងវាស់វែង ដើម្បីបំពាក់សូឡានៅលើផ្លូវបេតុងស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ លោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ ត្រូវជួយសហការដើម្បីសម្អាតនិងថែរក្សាបរិស្ថាន ចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹកដើម្បីសោភ័ណភាពនិងអនាម័យជាពិសេសថែរក្សាដីចំណីផ្លូវឱ្យបានធំទូលាយសម្រាប់ថ្មើរជើង និងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជននៅក្នុងមូលដ្ឋាន ដែលបានចូលរួមសហការឧបត្ថម្ភសូឡាសម្រាប់បំពាក់នៅលើផ្លូវនេះ ដើម្បីជាការបំភ្លឺផ្លូវលើកសោភ័ណភាព និងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្លូវបេតុងដែលត្រូវដាក់បំពាក់សូឡានៅពេលនេះមានប្រវែង៣០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានថ្មស្ទឹងស្ទោងព្រំប្រទល់ឃុំទ្រា៕


ដោយ ស៊ុម វណ្ណា





