មន្ទីរវប្បធម៌រៀបចំសិក្ខាសាលាចម្លាក់ពុម្ពស្តីពីការជំរុញ និងបំប៉នចំណេះជំនាញចម្លាក់
AKP កណ្ដាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹង ក៏ដូចជាការអភិរក្សសិល្បៈសូនរូប ដែលមានគំនូរ និងចម្លាក់ជាដើម ឱ្យសមស្របទៅតាមក្បួនខ្នាតដែលដូនតាយើងបានចងក្រង និងបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានរៀបចំសិក្ខាសាលាចម្លាក់ពុម្ពស្តីពី “ការជំរុញ និងបំប៉នចំណេះជំនាញចម្លាក់” ដល់អាជីវករ សិប្បករ ដែលអញ្ជើញមកពីតាមបណ្តាក្រុង-ស្រុក ក្នុងខេត្ដកណ្ដាល ក្រោមអធិបតីភាពលោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល។

លោកស្រីប្រធានមន្ទីរ បានថ្លែងថា ចម្លាក់គឺមានច្រើនប្រភេទណាស់ រួមមានចម្លាក់ពុម្ពស៊ីម៉ង់ត៍ ចម្លាក់ស្មិត ចម្លាក់ឈើ ចម្លាក់ប្រាក់ ស្ពាន់ ជាដើម ហើយមានបច្ចេកទេស ក្នុងការផលិតផ្សេងៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នា គឺក្បួនខ្នាត។ ដូច្នេះថ្ងៃនេះ សិក្ខាកាមទាំងអស់សុទ្ធសឹងតែជាអ្នកជំនាញ ទៅលើការងាររបស់ខ្លួន តែទោះយ៉ាងណាយើងត្រូវតែមានផ្លូវដើររួមគ្នា អំពី ពីរបៀបនៃការគូរ និងឆ្លាក់ ដែលជាការចូលរួមថែរក្សា និងលើកតម្លៃវប្បធម៌ជាតិ។ ចម្លាក់គឺជាមុខរបរមួយបែបសិល្បៈនិងវប្បធម៌ ក្នុងចំណោមចម្លាក់ថ្ម ឬចម្លាក់ឈើ ស្មិត ដែលធ្វើជារូបសិល្បៈតាំងលម្អ និងរូបវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរយើង ប្រើប្រាស់ ឬសម្រាប់ដាក់តាំងលម្អតាមទីសាធារណៈ និងក្នុងទីវត្តអារាមនានា ស្របតាមប្រពៃណី ជំនឿ សាសនា។ ហើយសិក្ខាសាលានាពេលនេះ អាជីវករ សិប្បករទាំងអស់ ពិតជាបានយល់កាន់តែច្បាស់អំពីបច្ចេកទេសផលិត និងជួសជុលចម្លាក់ ទាំងក្បួនខ្នាត ក្បាច់ចម្លាក់ និងចូលរួមផ្សព្វផ្សាយឱ្យមហាជនយល់ដឹងពីតម្លៃ និងការចេះស្រលាញ់សិល្បៈចម្លាក់ខ្មែរ។

លោកស្រីប្រធានមន្ទីរបានបន្ថែមថា ដើម្បីឱ្យការផលិតចម្លាក់បានត្រឹមត្រូវទៅតាមក្បួនខ្នាតរបស់ខ្មែរយើង ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល សូមស្នើដល់សិក្ខាកាម អាជីវករ សិប្បករ សូមពង្រឹងការយល់ដឹង អំពីសិល្បៈ ចម្លាក់ ទាំងអត្ថន័យ ខ្លឹមសារការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ បំផុសគំនិត មហាជនឱ្យយល់ដឹងពីតម្លៃ និងការចេះស្រលាញ់សិល្បៈចម្លាក់។ ជំរុញឱ្យស្នាដៃសិល្បៈចម្លាក់ខ្មែរ មានការកោតសសើរ និងត្រូវបានគេទទួលស្គាល់ជាសកល រក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ ដែលមិនអាចឱ្យបរទេសមកបន្លំបាន៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





