ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរានៅតែបានអនុវត្តប្រកបដោយប្រសិទ្ធភាពស្របតាមស្តង់ដាជប៉ុន JQA
AKP សៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រោយបិទបញ្ចប់សវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA (Japan Quality Assurance) ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា នៅតែបានអនុវត្តប្រកបដោយប្រសិទ្ធភាពស្របតាមស្តង់ដាជប៉ុន JQA។ លោក ម៉ាម៉ូរុ យ៉ាម៉ាដា តំណាងស្ថាប័ន JQA និងជាសវនករផ្ទាល់ផង ហើយដែលបានធ្វើសវនកម្មអស់រយៈពេល៣ថ្ងៃមកនេះបានបង្ហាញថា ពុំមានប្រទះឃើញភាពមិនអនុលោមនៅពេលធ្វើសវកម្មលើកនេះទេ។ ដូច្នេះប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅតែបានអនុវត្តប្រកបដោយប្រសិទ្ធភាព។


គួរបញ្ជាក់ថា សវនកម្មផ្ទៃក្រៅប្រព័ន្ធទៅលើការគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា បានធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្រុមសវនករបានចុះទៅពិនិត្យវាយតម្លៃផ្ទាល់នៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរមណីយដ្ឋានអង្គរដោយផ្ទាល់។

ក្នុងពិធីបិទសវនកម្មនោះ ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការតាំងចិត្តរបស់ថ្នាក់ដឹកនាំចំពោះការបន្តនិងផ្តល់នូវការគាំទ្រសព្វបែបយ៉ាងដើម្បីឱ្យកិច្ចការនេះប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ នៅពេលបច្ចុប្បន្នយើងសង្កេតឃើញថា មានកិច្ចការជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានធ្វើ ហើយជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរាកំពុងស្ថិតនៅក្នុងភាពមមាញឹកលើកិច្ចការអភិរក្ស ទាំងកិច្ចការបរិស្ថាន និងទេសចរណ៍ ហើយទាំងថ្នាក់ដឹកនាំ ក្រុមការងារទទួលបន្ទុកមិនរាថយលើកិច្ចការងារទាំងនោះដែរ ដែលចំណុចនេះឯកឧត្តម ឡុង កុសល បានលើកទឹកចិត្ត សូមផ្តល់នូវថាមពលដើម្បីគាំទ្រលើកិច្ចការងារនេះដើម្បីឱ្យការងារបានសម្រេចបានលទ្ធផលល្អប្រសើរដូចក្នុងឱកាសនេះ៕


ដោយ ហង្ស សៀក





