នាយករដ្ឋមន្ត្រីប៉ូឡូញសង្កត់ធ្ងន់លើតួនាទីរបស់សហភាពអឺរ៉ុបក្នុងកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូក (Donald Tusk) បានសង្កត់ធ្ងន់លើការចាំបាច់នៃការចូលរួមយ៉ាងសកម្មរបស់សហភាពអឺរ៉ុបក្នុងការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក អានតូញ៉ូ កូស្តា (Antonio Costa) លោក ទូក បាននិយាយថា «យើងដឹងយ៉ាងច្បាស់ថា ការចរចានាពេលខាងមុខដ៏មានសក្តានុពលទាមទារឱ្យមានវត្តមានរបស់សហភាពអឺរ៉ុប។ អ៊ុយក្រែនក៏រំពឹងអំពីរឿងនេះដែរ»។
លោក កូស្ដា បានប្រកាសពីកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុបដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមីនា ដោយផ្តោតលើការបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន និងការពង្រឹងសមត្ថភាពការពាររបស់សហភាពអឺរ៉ុប។
លោក កូស្ដា បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការឆ្លើយតបរបស់សហភាពអឺរ៉ុប ដោយលោកបានកត់សម្គាល់ថា ការសន្ទនារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលថ្មីៗនេះបានបង្កើនការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសក្តានុពលដែលមិនរាប់បញ្ចូលផលប្រយោជន៍អ៊ុយក្រែន និងសហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





