រដ្ឋមន្ត្រីការបរទេសទុយនីស៊ី និងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការបរទេសទុយនីស៊ី លោក ម៉ូហាមេដ អាលី ណាហ្វទី (Mohamed Ali Nafti) បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី កាចា កាលឡាស (Kaja Kallas) ស្តីពីទំនាក់ទំនងទ្វេភាគី។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឱ្យដឹងថា ភាគីទាំងពីរបានផ្តោតទៅលើទិដ្ឋភាពផ្សេងៗនៃភាពជាដៃគូរវាងទុយនេស៊ីនិងសហភាពអឺរ៉ុប ដោយរិះរកមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការជំរុញស្ថិរភាព និងការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់មេឌីទែរ៉ាណេ។
លោក ណាហ្វទី បានសង្កត់ធ្ងន់លើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទុយនីស៊ី និងសហភាពអឺរ៉ុប ដោយបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូដែលមានស្រាប់។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់វិធីសាស្រ្តដ៏ទូលំទូលាយមួយចំពោះកិច្ចសហប្រតិបត្តិការដែលចាក់ឫសក្នុងសាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងសមភាព។
លោកក៏បានសង្កត់ធ្ងន់លើការធ្វើពិពិធកម្មផ្នែកកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ។ លោករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការចូលរួមរបស់សហភាពអឺរ៉ុបជាមួយតំបន់តាមរយៈការជំរុញកិច្ចសន្ទនាជាមួយបណ្តាប្រទេសជាដៃគូ ពង្រីកការផ្តោតអារម្មណ៍របស់សហភាពអឺរ៉ុបលើបញ្ហាប្រឈមរួមគ្នា ជំរុញការអភិវឌ្ឍដែលជំរុញដោយសាមគ្គីភាព កំណត់ឱកាសសេដ្ឋកិច្ចប្រកបដោយជោគជ័យ និងការពង្រឹងការតភ្ជាប់ និងការចល័តរវាងប្រជាជន។
ចំណែកលោកស្រី កាលឡាស តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូជាមួយប្រទេសទុយនេស៊ីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម។
លោកស្រីក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ទុយនីស៊ី និងស្វាគមន៍ភាគីទាំងពីរលើគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិដែលកំពុងបន្តក្នុងការពង្រឹងសន្តិសុខ និងសន្តិភាពពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





