អនុប្រធានាធិបតីចិនជួបជាមួយឧបនាយករដ្ឋមន្ត្រីនូវែលសេឡង់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- អនុប្រធានាធិបតីចិន លោកហាន់ ហ្សេង (Han Zheng) បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក វីនស្តុន ផេទឺស៍ (Winston Peters) ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក ហាន់ បាននិយាយថា មេដឹកនាំនៃភាគីទាំងពីរបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC កាលពីខែវិច្ឆិកាឆ្នាំមុន ដោយលោកបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់បន្តការអភិវឌ្ឍទំនាក់ទំនងចិន-នូវែលសេឡង់ ពីចំណុចចាប់ផ្តើមថ្មីមួយ។
ដោយកត់សម្គាល់ថា នៅពេលដែលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់ ឈានចូលទសវត្សរ៍ទីពីររបស់ខ្លួនលោក ហាន់ បាននិយាយថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-នូវែលសេឡង់ ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយប្រទេសនូវែលសេឡង់ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព រឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-នូវែលសេឡង់។
ទន្ទឹមនឹងនោះ លោក ផេទឺស៍ បាននិយាយថា ប្រទេសនូវែលសេឡង់យកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន និងមានឆន្ទៈក្នុងការពង្រឹងកិច្ចសន្ទនា បង្កើនការយល់ដឹង និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងនាមជាដៃគូសកម្មរបស់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





