ប្រធានមន្ទីរបញ្ចកោណសង្ឃឹមថា លោក ហ្សេលេនស្គី នឹងអង្គុយនៅតុចរចាក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) គួរតែទទួលយកការចូលរួមក្នុងកិច្ចចរចាឆ្ពោះទៅរកសន្តិភាព និងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ភែត ហ៊ែកសេត (Pete Hegseth) បាននិយាយកាលពីពេលថ្មីៗនេះ។
លោក ភែត ហ៊ែកសេត បានប្រាប់សារព័ត៌មាន Fox News ថា«លោក ហ្សេលេនស្គី គួរតែមកកាន់តុចរចា ពីព្រោះភាពជាដៃគូសេដ្ឋកិច្ចនេះគឺជារឿងសំខាន់សម្រាប់អនាគតនៃប្រទេសរបស់លោក ហើយយើងសង្ឃឹមថាលោកនឹងចូលរួមឆាប់ៗនេះ»។
លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនអាចត្រូវបានបញ្ចប់លឿន។
លោក វីតកូហ្វ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CNN ថា «កិច្ចសន្ទនារបស់យើងនៅអារ៉ាប៊ីសាអូឌីតជាមួយលោករដ្ឋមន្រ្តី និងជាមួយទីប្រឹក្សាសន្តិសុខជាតិ តាមទស្សនៈរបស់ខ្ញុំគឺមានភាពវិជ្ជមាន មានការស្ថាបនា និងមានសន្ទុះយ៉ាងច្បាស់លាស់។ ដូច្នេះ ខ្ញុំសូមនិយាយថា ខ្ញុំមានសុទិដ្ឋិនិយម និងវិជ្ជមានដែលថាយើងអាចធ្វើអ្វីមួយបានលឿន»។
នៅពេលមុននេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកត្រៀមខ្លួនរួចជាស្រេចដើម្បីចុះចេញពីតំណែង ប្រសិនបើនោះជាអ្វីដែលជាតម្រូវការដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន ឬបញ្ចូលអ៊ុយក្រែនទៅក្នុងអង្គការណាតូ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានចេញផ្សាយដោយការិយាល័យរបស់លោកថា «ប្រសិនបើដើម្បីសន្តិភាពនៅអ៊ុយក្រែន អ្នកពិតជាត្រូវការឱ្យខ្ញុំចុះចេញពីតំណែងមែន ខ្ញុំត្រៀមខ្លួនរួចជាស្រេច។ ខ្ញុំក៏អាចដោះដូរវាដើម្បីចូលជាមួយអង្គការណាតូបានដែរ ប្រសិនបើមានការផ្តល់លក្ខខណ្ឌបែបនេះភ្លាមៗ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





