រុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រភពពីក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃពុធថា គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចប្រជុំបច្ចេកទេស។
ប្រភពនោះបានរំលឹកឡើងវិញថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រគ្រប់ប្រភេទដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅអ៊ុយក្រែន រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាផងដែរ។
នៅព្រឹកថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានប្រកាសថានឹងមានជំនួបរវាងតំណាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីប្រតិបត្តិការនៃស្ថានទូតរៀងៗខ្លួន។
លោករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងដូហារបស់ប្រទេសកាតាថា «យើងបានប្រកាសថា អ្នកការទូត និងអ្នកជំនាញកម្រិតខ្ពស់របស់យើងនឹងជួបប្រជុំគ្នា និងពិចារណាទៅលើបញ្ហាជាប្រព័ន្ធដែលប្រមូលផ្តុំជាលទ្ធផលនៃសកម្មភាពរបស់រដ្ឋបាល (សហរដ្ឋអាមេរិក) ពីមុន ដើម្បីបង្កើតឧបសគ្គសិប្បនិម្មិតចំពោះសកម្មភាពរបស់ស្ថានទូតរុស្ស៊ី ដែលយើងបានធ្វើទៅវិញទៅមកដោយធម្មជាតិ ហើយថែមទាំងបង្កើតលក្ខខណ្ឌមិនងាយស្រួលសម្រាប់ការងាររបស់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងម៉ូស្គូ»។
កាលពីសប្តាហ៍មុន អ្នកការទូតអាម៉េរិក និងរុស្ស៊ីបានជួបពិភាក្សាគ្នានៅទីក្រុងរីយ៉ាដនៃ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយបានព្រមព្រៀងគ្នាចាប់ផ្តើមធ្វើការងារឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ភាគីទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





