អភិបាលខេត្តក្យឹងសាងខាងជើងជំរុញឱ្យលោក ដូណាល់ ត្រាំ អញ្ជើញលោក គីម ជុងអ៊ុនចូលរួមកិច្ចប្រជុំកំពូល APEC
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ខណៈដែលទីក្រុងក្យឹងជូ ក្នុងខេត្តក្យឹងសាងខាងជើងដែលល្បីល្បាញដោយសារមរតកវប្បធម៌ដ៏សម្បូរបែប និងផ្នូររាជវាំង កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិកា អភិបាលខេត្តក្យឹងសាង លោក លី ជុលវូ (Lee Cheol-woo) បានសម្តែងក្តីសង្ឃឹមថា ទីក្រុងនេះនឹងក្លាយជានិមិត្តរូបនៃសន្តិភាពដែលមានមេដឹកនាំសហរដ្ឋអាមេរិកកូរ៉េខាងជើង ចិន និងរុស្ស៊ីចូលរួម។
នៅក្នុងបទសម្ភាសន៍ថ្មីនេះជាមួយសារព័ត៌មានកូរ៉េថាមស៍ លោក លីបានសង្កត់ធ្ងន់ថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) វាអាចជាការបើកទ្វារទៅរកសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
លោក លី បាននិយាយថា «យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធានាថាជំនួបកំពូលនេះក្លាយជាកាតាលីករសម្រាប់សន្តិភាព»។
លោកបាននិយាយបន្ថែមថា «ប្រសិនបើលោក ត្រាំ អញ្ជើញលោកគីម ហើយយើងអាចនាំមេដឹកនាំផ្សេងទៀត ដូចជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) មកជួបគ្នាក្នុងពេលតែមួយនៅក្នុងកិច្ចប្រជុំកំពូល APEC ដែលវានឹងក្លាយជាពេលវេលាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់សម្រាប់សន្តិភាពពិភពលោក»។
លោកក៏បានចែករំលែកព័ត៌មានលម្អិតអំពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកក្នុងការអញ្ជើញមេដឹកនាំសហរដ្ឋអាមេរិក រុស្ស៊ី និងចិនផងដែរ ដោយបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការចូលរួមកម្រិតខ្ពស់នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
លោកបាននិយាយថា «រដ្ឋាភិបាលកូរ៉េខាងជើងបានស្នើសុំជាផ្លូវការនូវការចូលរួមរបស់លោក ត្រាំ និងលោក ស៊ី ហើយយើងក៏កំពុងធ្វើការដើម្បីទទួលបានការចូលរួមពីមេដឹកនាំរុស្ស៊ី និងជប៉ុន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





