រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកចង់ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅខែក្រោយ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមប្រភពពីក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភែត ហ៊ែកសេត (Pete Hegseth) ត្រូវបានគេរាយការណ៍ថាកំពុងគ្រោងសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅខែក្រោយ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមគ្នានៅពាក់កណ្តាលខែមីនា។
យោងតាមប្រភពព័ត៌មាននោះបានឱ្យដឹងថា លោក ហ៊ែកសេត ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ Freedom Shield នៅខែក្រោយ។
មន្ត្រីនៅទីក្រុងសេអ៊ូលបាននិយាយថា «បច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យមើលឡើងវិញនូវលទ្ធភាពនៅកម្រិតការងារហើយមិនទាន់មានកិច្ចពិភាក្សាអំពីកាលវិភាគផ្លូវការណាមួយបានកើតឡើងទេ»។
ប្រសិនបើវាកើតមានមែន វានឹងក្លាយជាដំណើរទស្សនកិច្ចថ្នាក់គណៈរដ្ឋមន្ត្រីលើកដំបូងពីទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលលើកទីពីររបស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់ប្រទេសកូរ៉េខាងត្បូង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





