ប្រទេសគុយបារៀបចំពិធីបុណ្យស៊ីហ្គាហាបាណូអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការរៀបចំពិធីបុណ្យស៊ីហ្គាហាបាណូ (Habano) អន្តរជាតិលើកទី២៥ បានចាប់ផ្តើមធ្វើនៅសាលមជ្ឈមណ្ឌលសន្និសីទក្នុងរដ្ឋធានីហាវ៉ាណាកាលពីថ្ងៃច័ន្ទដោយផ្តោតសំខាន់ទោលើឧស្សាហកម្មស៊ីហ្គាពិភពលោក ដែលបានរំលេចនូវស៊ីហ្គាពិសេសរបស់គុយបា។
នេះ គឺជាការជួបជុំដ៏សំខាន់បំផុតនៃស៊ីហ្គាប្រភេទនេះដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។ អ្នកជំនាញបានចាត់ទុកស៊ីហ្គាហាបាណូជាប្រភេទស៊ីហ្គាល្អបំផុតក្នុងពិភពលោក ដោយសារលក្ខខណ្ឌបីនៃដី អាកាសធាតុ និងបទពិសោធន៍របស់អ្នកផលិត។
មនុស្សជាង ១.០០០នាក់មកពី ៧០ប្រទេសកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅពេលដែលឧស្សាហកម្មស៊ីហ្គាគុយបាបង្ហាញពីការច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ក្នុងការផលិតផលិតផលប្រណីតទាំងនេះ។
ទោះបីជាមានស្ថានភាពសេដ្ឋកិច្ចដ៏ស្មុគស្មាញរបស់ប្រទេសកោះនេះក៏ដោយ ក៏ការផលិតស៊ីហ្គាដែលមានកម្រិតពិសេស ឬស៊ីហ្គាធ្វើដោយដៃ នៅតែបន្តកើនឡើង ដោយត្រូវប្រឈមមុខនឹងស្ថានភាពហិរញ្ញវត្ថុ និងបញ្ហាដែលបណ្តាលមកពីខ្យល់ព្យុះ និងការលំបាកផ្សេងៗ។
សាជីវកម្មអន្តរជាតិ Habanos SA បានឈានមុខគេក្នុងការធ្វើពាណិជ្ជកម្មផលិតផលទាំងនេះ ប៉ុន្តែនៅពេលដែលនិយាយអំពីការរួមបញ្ចូលកត្តាជាច្រើនដូចជាការផលិតស្លឹកឈើ ការរមូល និងវប្បធម៌នៃការធ្វើទីផ្សារសម្រាប់ផលិតផលដែលមានម៉ាកឈានមុខគេ ដូចជាផលិតផលកូហ៊ីបា (Cohiba) ដែលជាផលិតផលដំបូងគេដែលបានចាប់ផ្តើមបន្ទាប់ពីឆ្នាំ១៩៥៩។
ការរៀបចំពិធីបុណ្យនៅឆ្នាំនេះ គឺជាការឧទ្ទិសដល់ខួបលើកទី១៥ នៃម៉ាក Behike Line of Premium Cohiba ដែលជាស៊ីហ្គាដ៏ប្រណិត និងថ្លៃបំផុតមួយផលិតនៅប្រទេសកោះនេះ ដោយទទួលបានការចាប់អារម្មណ៍ពីជនបរទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





