ឥណ្ឌា និងចក្រភពអង់គ្លេសចេញសេចក្តីថ្លែងការណ៍រួមអំពីការបន្តកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-ចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ឥណ្ឌា និងចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការបន្តកិច្ចចរចាពាណិជ្ជកម្មឥណ្ឌា និងចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គ័រ ស្តាម័រ (Keir Starmer) បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុងរីយ៉ូ ដឺ ចាណៃរ៉ូ របស់ប្រទេសប្រេស៊ីលកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចចរចាពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍រួមនោះបាននិយាយថា «ថ្ងៃនេះ សាធារណរដ្ឋឥណ្ឌា និងចក្រភពអង់គ្លេសបានបន្តកិច្ចចរចារឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសឥណ្ឌា លោក ពីយូស ហ្គោយ៉ាល់ (Piyush Goyal) និងរដ្ឋមន្រ្តីក្រសួងអាជីវកម្ម និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស លោក ហុន ចូណាថាន់ រេយណល់ស៍ (Hon Jonathan Reynolds) នៅទីក្រុងដេលី។ សេចក្តីប្រកាសនេះគឺជាលទ្ធផលនៃកិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងក្នុងកម្រិតនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ»។
សេចក្តីថ្លែងការណ៍រួមនោះបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌា និងចក្រភពអង់គ្លេសមានទំនាក់ទំនងភាពជាដៃគូយ៉ាងជិតស្និទ្ធ ដែលបង្កើតឡើងដោយកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ បច្ចេកវិទ្យាថ្មីៗ អាកាសធាតុ សុខភាព ការអប់រំ ការស្រាវជ្រាវ នវានុវត្តន៍ ហិរញ្ញវត្ថុបៃតង និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ចំណុចស្នូលនៃទំនាក់ទំនងនេះ គឺជាសេចក្តីប្រាថ្នារួមក្នុងការផ្តល់នូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តកិច្ចចរចារឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលមានតុល្យភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឆ្ពោះទៅមុខ ដែលផ្តល់នូវកំណើនទៅវិញទៅមក និងកសាងចំណុចខ្លាំងនៃសេដ្ឋកិច្ចភាគីទាំងពីរ។ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីររបស់យើង មានសក្តានុពលក្នុងការបើកឱកាសសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅទូទាំងប្រទេសរបស់យើង និងពង្រឹងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏ស៊ីជម្រៅរបស់យើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





