កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាសហភាពអឺរ៉ុប-ឥណ្ឌា ស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់ប្រធានសហភាពអឺរ៉ុបទៅកាន់ឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ លេយេន (Ursula von der Leyen) និងសហការីនៃគណៈកម្មាការសហភាពអឺរ៉ុប នឹងធ្វើកិច្ចពិភាក្សាកម្រិតគណៈប្រតិភូក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាសហភាពអឺរ៉ុប-ឥណ្ឌា (TTC) ក៏ដូចជារបៀបវារៈថ្មីៗមួយចំនួនទៀត។
ក្រសួងការបរទេសឥណ្ឌាបាននិយាយថា លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ លេយេន អមដោយសហការីនៃគណៈកម្មាធិការអឺរ៉ុបនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌានៅថ្ងៃទី២៧-២៨ ខែកុម្ភៈខាងមុខនេះតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi)។ ដំណើរទស្សនកិច្ចនេះកើតឡើងនៅដើមអាណត្តិថ្មីរបស់គណៈកម្មាការអឺរ៉ុបដែលបានចាប់ផ្តើមកាលពីក្នុងខែធ្នូឆ្នាំមុន។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម័យប្រជុំពេញអង្គនឹងត្រូវធ្វើជាសហប្រធានដោយលោកនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី និងលោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ លេយេន ដែលជាប្រធានប្រតិបត្តិនៃសហភាពអឺរ៉ុប។ មន្ត្រីសហភាពអឺរ៉ុបបានកត់សម្គាល់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់សហការីគណៈកម្មាការអឺរ៉ុបនៅខាងក្រៅទ្វីប ហើយជាការបង្ហាញពីភាពជាដៃគូជានិមិត្តរូបរវាងឥណ្ឌា និងសហភាពអឺរ៉ុប។
កាលពីឆ្នាំមុន សហភាពអឺរ៉ុប និងឥណ្ឌាបានប្រារព្ធខួបលើកទី២០ នៃភាពជាដៃគូយុទ្ធសាស្ត្រ ហើយឥឡូវនេះរបៀបវារៈថ្មីមួយគឺត្រូវបានអភិវឌ្ឍន៍ដោយតំបន់ទាំងពីរ។ ឥណ្ឌា និងសហភាពអឺរ៉ុបបានបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អស់រយៈពេលជាយូរមកហើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





