លោក ចៃស្សាន់ការ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះឯកភាពពិភពលោក និងការគោរពគ្នាទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅក្នុងសុន្ទរកថាមួយនៅក្នុងសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) នៅទីក្រុងហ្សឺណែវ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក អេស ចៃស្សាន់ការ (S Jaishankar) បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
នៅក្នុងសុន្ទរកថានោះ លោក ចៃស្សាន់ការ បានលើកឡើងអំពីរបៀបដែលការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះបញ្ហាសិទ្ធិមនុស្ស គឺចាក់ឫសយ៉ាងជ្រៅនៅក្នុងទស្សនវិជ្ជារបស់ប្រទេសនៃការរួបរួមនៅទូទាំងពិភពលោក ភាពបើកចំហ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនានា។
លោក ចៃស្សាន់ការ បាននិយាយថា «ការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសឥណ្ឌាចំពោះបញ្ហាសិទ្ធិមនុស្ស គឺចាក់ឫសយ៉ាងជ្រៅនៅក្នុងទស្សនវិជ្ជាយូរអង្វែងនៃឯកភាពសកលលោក ការបើកចំហ និងការគោរពគ្នាទៅវិញទៅមក។ តម្លៃទាំងនេះបង្កើតជាមូលដ្ឋានគ្រឹះនៃក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់យើងដែលធានានូវសិទ្ធិជាមូលដ្ឋាន ខណៈដែលរក្សាបាននូវឧត្តមគតិនៃយុត្តិធម៌ សេរីភាព និងសមភាព»។
រដ្ឋមន្ត្រីកិច្ចការបរទេសរូបនេះបានរំលឹកឡើងវិញថា ប្រទេសឥណ្ឌាបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយ UNHRC និងការិយាល័យឧត្តមស្នងការ ដើម្បីធានាបាននូវការការពារសិទ្ធិមនុស្ស។
លោកបាននិយាយថា «ក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងក្រុមប្រឹក្សានៅក្នុងឆ្នាំនេះ ប្រទេសឥណ្ឌានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជាមួយសមាជិកក្រុមប្រឹក្សា និងអ្នកសង្កេតការណ៍ទាំងអស់ ឆ្ពោះទៅរកគោលបំណងរួមរបស់យើងក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។ យើងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងដូចដែលយើងបានធ្វើនាពេលកន្លងមកទៅកាន់ការិយាល័យឧត្តមស្នងការ និងយន្តការផ្សេងៗនៃក្រុមប្រឹក្សា រួមទាំងនីតិវិធីពិសេស និងការត្រួតពិនិត្យតាមកាលកំណត់ជាសកលផងដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ANI)





