កូរ៉េខាងជើងថ្កោលទោសសមយុទ្ធទ័ពជើងទឹកជប៉ុនជាមួយសហរដ្ឋអាមេរិក និងបារាំងថាជាមហិច្ឆតាឈ្លានពានឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានថ្កោលទោសការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានាពេលថ្មីៗនេះរបស់ប្រទេសជប៉ុនជាមួយសហរដ្ឋអាមេរិក និងបារាំងថាជាការប៉ុនប៉ងដើម្បីស្តារឡើងវិញនូវមហិច្ឆតាឈ្លានពានយោធានិយមរបស់ពួកគេ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានចេញការរិះគន់នេះនៅក្នុងបទអត្ថាធិប្បាយដោយលើកឡើងពីសមយុទ្ធយោធាជើងទឹករួមគ្នាដែលធ្វើឡើងដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងបារាំង កាលពីដើមខែនេះក្នុងដែនទឹកក្បែរប្រទេសហ្វីលីពីន ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក និងបារាំង និងនាវាចម្បាំងជប៉ុន។
ដោយលើកឡើងពីសមាជិកភាពរបស់ប្រទេសជប៉ុន នៅក្នុងវេទិកាសន្តិសុខពហុភាគីដែលដឹកនាំដោយសហរដ្ឋអាមេរិក The Quad ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចូលរួមក្នុងភាពជាដៃគូសន្តិសុខ AUKUS ក្នុងចំណោមសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ទីក្រុងតូក្យូពីការគំរាមកំហែងដល់តុល្យភាពអំណាចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កើតរចនាសម្ព័ន្ធជម្លោះថ្មីមួយ។
ទីភ្នាក់ងារ KCNA បាននិយាយថា ការពិតនៃការដាក់ពង្រាយនាវាផ្ទុកយន្តហោះរបស់ប្រទេសជប៉ុនទៅកាន់ទីតាំងឆ្ងាយដែលមិនទាក់ទងទៅនឹងទីតាំងការពាររបស់ខ្លួន និងការចូលរួមជាមួយកងកម្លាំងឈ្លានពានរបស់បរទេសបង្ហាញថា «មហិច្ឆតាឈ្លានពានក្រៅប្រទេសរបស់ពួកសកម្មប្រយុទ្ធបានចូលទៅក្នុងស្ថានភាពនៃការអនុវត្ត»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





