គណៈប្រតិភូគណបក្សកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា គណៈប្រតិភូជាន់ខ្ពស់មកពីគណបក្សពលករកូរ៉េខាងជើងបានមកដល់ទីក្រុងមូស្គូ ដើម្បីបំពេញទស្សនកិច្ចតាមការអញ្ជើញរបស់គណបក្សកាន់អំណាចនៃប្រទេសរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា គណៈប្រតិភូដឹកនាំដោយ លោក រី ហ៊ីយ៉ុង (Ri Hi-yong) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃមុន តាមការអញ្ជើញរបស់គណបក្សរួបរួមរុស្ស៊ី។
ទីភ្នាក់ងារ KCNA បាននិយាយថា លោក អានដ្រេយ ក្លីម៉ូវ (Andrey Klimov) សមាជិកនៃគណៈកម្មាធិការកំពូលរបស់គណបក្សរុស្ស៊ី និងជាអនុប្រធានគណៈកម្មាធិការសកម្មភាពបរទេសរបស់គណបក្ស រួមជាមួយនឹងសមាជិកផ្សេងទៀតនៃថ្នាក់ដឹកនាំគណបក្សបានស្វាគមន៍គណៈប្រតិភូនៅពេលមកដល់ព្រលានយន្តហោះ។
ដំណើរទស្សនកិច្ចនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ភាគីរុស្ស៊ី។
ចាប់តាំងពីការបង្កើតសន្ធិសញ្ញាការពារជាតិទៅវិញទៅមកកាលពីឆ្នាំមុន ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ សេដ្ឋកិច្ច កីឡា និងវិស័យផ្សេងៗទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





