ប្រធានកងទ័ពជើងទឹកពិភាក្សាអំពីសន្តិសុខដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការជាមួយសមភាគីតួកគី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីបាននិយាយថា ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូងបានពិភាក្សាជាមួយសមភាគីតួកគី កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងអាវុធទ្វេភាគីរបស់ពួកគេ។
លោក យ៉ាង យ៉ុងម៉ូ (Yang Yong-mo) និងលោក អឺគូមេន តាតលីអូហ្គ្លូ (Ercument Tatlioglu) បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនចាប់ពីការផ្លាស់ប្តូរមន្រ្ដីកម្រិតកំពូលរហូតដល់ប្រព័ន្ធប្រយុទ្ធគ្មានមនុស្សបើក ក៏ដូចជាសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្នាក់ការកងទ័ពជើងទឹកក្នុងទីក្រុងយឺយ៉ុង មានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។
មុនពេលកិច្ចពិភាក្សា លោក តាតលីអូហ្គ្លូ បានចូលជួបសម្តែងការគួរសមជាមួយ លោក គីម យុងស៊ូ (Kim Myung-soo) ប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ និងបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រជាជាតិរបស់ពួកគេ។
ជាផ្នែកមួយនៃការធ្វើដំណើររបស់លោក លោក តាតលីអូហ្គ្លូ ក៏បានទៅទស្សនាទីបញ្ចុះសព UN Memorial ក្នុងទីក្រុងប៊ូសាន មានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដើម្បីគោរពដល់ទាហានតួកគីដែលបានស្លាប់ក្នុងការប្រយុទ្ធនៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
ប្រទេសតួកគីបានបញ្ជូនទាហានប្រហែល ២១.០០០នាក់ទៅកាន់សង្រ្គាមកូរ៉េ ដែលក្នុងនោះទាហាន ៤៦២នាក់ត្រូវបានគេយកទៅបញ្ចុះនៅទីបញ្ចុះសពរបស់អង្គការសហប្រជាជាតិ។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក តាតលីអូហ្គ្លូ ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជាដំណើរទស្សនកិច្ចលើកទី៦ របស់ប្រមុខកងទ័ពជើងទឹកតួកគី៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





