ប្រមុខរដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមសេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន បានឱ្យដឹងថា ការសន្ទនាតាមទូរស័ព្ទបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក អាដីលបេក កាស៊ីម៉ាលីយេវ (Adylbek Kasymaliyev) និងនាយករដ្ឋមន្ត្រីតាជីគីស្ថាន លោក កូគៀ រ៉ាស៊ូលហ្សូដា (Kokhir Rasulzoda) ។
ក្នុងកិច្ចសន្ទនានោះ ភាគីបានពិភាក្សាអំពីបញ្ហាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយយកចិត្តទុកដាក់ជាពិសេសទៅលើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌។
ភាគីទាំងពីរក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែនរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន។
មុននេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារចុងក្រោយ ដែលរៀបចំសម្រាប់ការចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីពីការកំណត់ព្រំដែនរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





