ប៉ាគីស្ថាន និងអាស៊ែបៃហ្សង់ យល់ព្រមជំរុញវិស័យពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសប៉ាគីស្ថាន និងអាស៊ែបៃហ្សង់ បានព្រមព្រៀងគ្នាដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ ដោយផ្តោតលើគម្រោងរួមគ្នាក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។
ប្រព័ន្ធផ្សព្វផ្សាយការិយាល័យ បាននិយាយថា ការសម្រេចចិត្តនេះបានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតកំពូលរវាងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាហ្ស សារីហ្វ (Shehbaz Sharif) និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយេវ (Ilham Aliyev) ក្នុងទីក្រុងបាគូ។
មេដឹកនាំទាំងពីរបានទទួលស្គាល់ថា ទំហំពាណិជ្ជកម្មបច្ចុប្បន្នមិនបានឆ្លុះបញ្ចាំងពីសក្តានុពលពិតនៃទំនាក់ទំនងនយោបាយ និងជាបងប្អូនដ៏រឹងមាំរបស់ពួកគេនោះទេ ហើយបានសន្យាស្វែងរកឱកាសក្នុងការវិនិយោគថ្មីៗ។
លោក សារីហ្វដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅទីក្រុងបាគូ បានស្វាគមន៍ការប្រកាសរបស់ប្រទេសអាស៊ែបៃហ្សង់ អំពីការវិនិយោគចំនួន ២ប៊ីលានដុល្លារអាម៉េរិកនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើវិស័យចម្រុះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





