អេហ្ស៊ីប និងហ្សំប៊ី ពិភាក្សាអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍដែលទ្វីបអាហ្វ្រិកកំពុងជួបប្រទះ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) និងសមភាគីហ្សំប៊ី លោក ហាកាអ៊ីនដេ ហ៊ីជីឡេម៉ា (Hakainde Hichilema) បានជួបពិភាក្សានៅទីក្រុងគែរ អំពីបញ្ហាប្រឈមនៃការអភិវឌ្ឍដែលទ្វីបអាហ្វ្រិកកំពុងជួបប្រទះ។
សេចក្តីថ្លែងការណ៍បាននិយាយថា ភាគីទាំងពីរបានចុះបញ្ជីពីបញ្ហាប្រឈមមួយចំនួនដូចជា «អត្រាខ្ពស់នៃភាពក្រីក្រ វិបត្តិបំណុល និងការប្រែប្រួលអាកាសធាតុ»។ ភាគីទាំងពីរបានយល់ស្របលើ «សារៈសំខាន់នៃសកម្មភាពរួមគ្នា និងតម្រូវការក្នុងការសម្របសម្រួលមុខតំណែង ដើម្បីជំរុញអាទិភាពទ្វីបអាហ្វ្រិកនៅលើរបៀបវារៈអន្តរជាតិ»។
លោក ស៊ីស៊ី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសអេហ្ស៊ីប ក្នុងការចែករំលែកជំនាញរបស់ខ្លួន និងផ្តល់ការគាំទ្រ និងជំនួយយ៉ាងទូលំទូលាយ ដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មរបស់ប្រទេសហ្សំប៊ី ក្នុងវិស័យផ្សេងៗ។
ប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការចូលរួមរបស់វិស័យសាធារណៈ និងឯកជនរបស់ប្រទេសអេហ្ស៊ីប ក្នុងសកម្មភាពវិនិយោគនៅប្រទេសសំប៊ី។
កិច្ចពិភាក្សារបស់ពួកគេក៏បានផ្តោតទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការចាប់អារម្មណ៍ទៅវិញទៅមក ដោយផ្តោតជាពិសេសទៅលើការអភិវឌ្ឍនៅក្នុងតំបន់ហ្គាហ្សា ស៊ូដង់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងតំបន់ក្នុងទ្វីបអាហ្រ្វិក ក៏ដូចជាសន្តិសុខនៅសមុទ្រក្រហម៕
ប្រទេសទាំងពីរបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញស្ថិរភាពនៅក្នុងទ្វីបអាហ្រ្វិក និងតំបន់មជ្ឈិមបូព៌ា ដោយយល់ព្រមបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលក្នុងរឿងនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





