សហភាពអឺរ៉ុបនឹងផ្តល់ជំនួយថ្មីចំនួន ៣,៥ប៊ីលានអឺរ៉ូដល់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ុនដឺ ឡេយេន (Ursula von der Leyen) បានប្រកាសថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយដល់អ៊ុយក្រែនចំនួន ៣,៥ប៊ីលានអឺរ៉ូ (៣,៦៧ប៊ីលានដុល្លារអាម៉េរិក) ជាជំនួយហិរញ្ញវត្ថុថ្មីដែលចាប់ផ្តើមនៅខែក្រោយ។
លោកស្រី វ៉ុនដឺ ឡេយេន បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងគៀវថា «ខ្ញុំអាចប្រកាសថា ជំនួយថ្មីចំនួន ៣,៥ប៊ីលានអឺរ៉ូសម្រាប់អ៊ុយក្រែននឹងមកដល់រួចហើយនៅក្នុងខែមីនា»។
លោកស្រីបានគូសបញ្ជាក់ថា ដោយសារមូលនិធិអ៊ុយក្រែន និងប្រាក់កម្ចីពីក្រុម G7 គម្លាតថវិការបស់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៥ ទាំងមូលត្រូវបានគ្របដណ្តប់យ៉ាងពេញលេញ។ លោកស្រីក៏បានបង្ហាញកញ្ចប់សុវត្ថិភាពថាមពលដែលមានគោលបំណងធានានូវប្រព័ន្ធថាមពលដែលធន់ សុវត្ថិភាព និងប្រកួតប្រជែងសម្រាប់អ៊ុយក្រែន។
ជាផ្នែកនៃការគាំទ្ររយៈពេលវែងរបស់សហភាពអឺរ៉ុប ផែនការនេះរួមបញ្ចូលទាំងទីផ្សារអគ្គិសនីរបស់អ៊ុយក្រែនយ៉ាងពេញលេញទៅក្នុងប្រព័ន្ធរបស់សហភាពអ៊ឺរ៉ុបនៅឆ្នាំ២០២៧ និងការបន្តបញ្ចូលអ៊ុយក្រែនទៅក្នុងវិស័យឧស្ម័នរបស់សហភាពអឺរ៉ុប។
លើសពីនេះ លោកស្រីបានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងធ្វើការពន្លឿនការបញ្ជូនអាវុធ និងគ្រាប់រំសេវដល់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ លោកស្រី វ៉ុនដឺ ឡេយេន បានមកដល់ទីក្រុងគៀវ កាលពីព្រឹកថ្ងៃចន្ទ សម្រាប់ព្រឹត្តិការណ៍មួយដើម្បីប្រារព្ធខួបលើកទីបីនៃវិបត្តិអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





