តួកគីឃាត់ខ្លួនជនសង្ស័យក្រុម IS ចំនួន ៩២នាក់នៅទូទាំង ១៦ខេត្ត
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អាលី យឺលីកាយ៉ា (Ali Yerlikaya) បាននិយាយថា អាជ្ញាធរតួកគីបានឃុំខ្លួនសមាជិកសង្ស័យចំនួន ៩២នាក់នៃក្រុមរដ្ឋអ៊ីស្លាម (IS) កាលពីសប្តាហ៍មុននេះ។
លោករដ្ឋមន្ត្រីបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា ប្រតិបត្តិការដែលមានឈ្មោះថា «Gurz-47» ត្រូវបានអនុវត្តន៍នៅទូទាំង ១៦ខេត្តរួមទាំងទីក្រុងអង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ុល។ លោកបាននិយាយថា អាជ្ញាធរបានកំណត់ថា ជនសង្ស័យបានធ្វើសកម្មភាពដែល «ទទួលខុសត្រូវ» ពីក្រុម IS។
លោក យឺលីកាយ៉ា បាននិយាយថា កងកម្លាំងសន្តិសុខបានរឹបអូសអាវុធដែលគ្មានអាជ្ញាប័ណ្ណ និងឯកសារអង្គការ និងសម្ភារៈឌីជីថលមួយចំនួនធំក្នុងអំឡុងពេលវាយឆ្មក់។
ប្រទេសតួកគីបានចាត់តាំងក្រុម IS ជាអង្គការភេរវករនៅក្នុងឆ្នាំ២០១៣ ចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេស។ ទីក្រុងអង់ការ៉ាបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មក្នុង និងក្រៅប្រទេស ដើម្បីបង្ក្រាបសមាជិក និងសកម្មភាពរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





