ចិនត្រៀមខ្លួនធ្វើការជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ថ្មី ដើម្បីការអភិវឌ្ឍទំនាក់ទំនង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ថ្មីដើម្បីបង្រួបបង្រួម និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអាល្លឺម៉ង់ ហើយស្វាគមន៍អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក។
លោក លីន ចៀន (Lin Jian) បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការបោះឆ្នោតសហព័ន្ធឆ្នាំ២០២៥ របស់ប្រទេសអាល្លឺម៉ង់។
លោក លីន បាននិយាយថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតកាលពី ៥៣ឆ្នាំមុនមក ប្រទេសចិនតែងតែមើលទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអាល្លឺម៉ង់តាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍ទៅវិញទៅមក និងស្វែងរកមូលដ្ឋានរួម។
លោកបានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ថ្មី ដើម្បីពង្រឹង និងអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអាល្លឺម៉ង់។
ដោយកត់សម្គាល់ថា អាល្លឺម៉ង់ និង EU មានឥទិ្ធពលជាសកល លោក លីន បាននិយាយថា ប្រទេសចិនរីករាយដែលឃើញអាល្លឺម៉ង់ និង EU ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពិភពលោក គាំទ្រសមាហរណកម្មអឺរ៉ុប និងឯករាជ្យភាពជាយុទ្ធសាស្ត្ររបស់ EU ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាល្លឺម៉ង់ និង EU ដើម្បីបន្តរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





