វេទិកាពិភាក្សាក្រោមប្រធានបទ៖ “បរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត”
AKP ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥--ក្នុងថ្ងៃទី២នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គសន្និបាតបានលើកយកប្រធានបទស្តីពី “បរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត” មកធ្វើការពិភាក្សាយ៉ាងផុលផុស ជាមួយនឹងបទបង្ហាញចំនួន៤ រួមមាន បរិវត្តកម្មអប់រំជនពេញវ័យ ការអភិវឌ្ឍមូលធនយុវជនតាមរយ:ការអនុវត្តសកម្មភាពអាទិភាពនៃអគ្គនាយកដា្ឋនយុវជន ការជំរុញចលនាយុវជនមា្នក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ការអនុវត្តគោលនយោបាយស្តីពីសុខភាពសិក្សា អាហារូបត្ថម្ភចំណីអាហារតាមសាលារៀន (ឧត្តមានុវត្តន៍ និងបញ្ហាប្រឈម)។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយរបស់វាគ្មិនជំនាញ ក៏ដូចជាការសម្របសម្រួលប្រកបដោយសិល្បៈ ដែលជំរុញឱ្យវេទិកានេះដំណើការទៅដោយរលូន ប្រកប ដោយផ្លែផ្កា ព្រមទាំងបានផ្តល់អនុសាសន៍ និងធាតុចូលបន្ថែមមួយចំនួនផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះនាយកដ្ឋានពាក់ព័ន្ធក្នុងអនុវិស័យនីមួយៗ ប្រធានអង្គភាព/មន្ទីរ ប្រធានគ្រឹះស្ថានឧត្តមសិក្សា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់សម្រេចបានលទ្ធផលគួរជាទីមោទនៈ និងសូមលើកទឹកចិត្តឱ្យបន្តកែលម្អបន្តិចម្តងៗជាប្រចាំ ក៏ដូចជាបន្តចែករំលែកចំណេះដឹង បទពិសោធន៍ ឧត្តមានុវត្តន៍ ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





