កូរ៉េខាងត្បូងនឹងកំណត់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់ឆ្នាំ២០៣៥ ជាមួយអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងនឹងដាក់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនសម្រាប់ឆ្នាំ២០៣៥ ទៅអង្គការសហប្រជាជាតិនៅឆ្នាំនេះ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា គណៈកម្មាធិការប្រធានាធិបតីស្តីពីអព្យាក្រឹតភាពកាបូន និងកំណើនបៃតង បានបង្ហាញផែនការនេះនៅក្នុងពិធីសម្ពោធ និងកិច្ចប្រជុំចាប់ផ្តើមនៃគណៈកម្មាធិការទីពីររបស់ខ្លួន។
គណៈកម្មការនេះមានភារកិច្ចរៀបចំការរួមចំណែកកំណត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង (NDC) សម្រាប់ឆ្នាំ២០៣៥ និងដាក់បញ្ជូនគោលដៅថ្មីទៅអង្គការសហប្រជាជាតិ។ គោលដៅថ្មីរបស់ប្រទេសនេះត្រូវបានរំពឹងទុកនៅខែកញ្ញា។
NDC សំដៅទៅលើផែនការសកម្មភាពអាកាសធាតុដែលប្រទេសនានាតម្រូវឱ្យធ្វើបច្ចុប្បន្នភាពរៀងរាល់ ៥ឆ្នាំក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ទីក្រុងសេអ៊ូលបានបញ្ជូន NDC របស់ខ្លួនសម្រាប់ឆ្នាំ២០៣០ ទៅអង្គការសហប្រជាជាតិនៅឆ្នាំ២០២១ ដោយសន្យាថានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនចំនួន ៤០% ពីឆ្នាំ២០១៨។
រដ្ឋាភិបាលបាននិយាយថា ខ្លួនក៏គ្រោងបង្កើតផែនការដ៏ទូលំទូលាយមួយសម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការឡើងកម្ដៅផែនដី និងផែនការរយៈពេលវែងដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





