ភេរវករ ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោធាបាននិយាយថា ភេរវករចំនួន ៧នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងខេត្តឃីបឺ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាស្លាបប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នានៅក្នុងស្រុកដេរ៉ា អ៊ីស្មែលខាន់ (Dera Ismail Khan) ស្តីពីវត្តមានភេរវករ។
ទីភ្នាក់ងារ ISPR បាននិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការ ទីតាំងរបស់ភេរវករត្រូវបានតាមដានយ៉ាងមានប្រសិទ្ធភាព ដោយទីភ្នាក់ងារបានបន្ថែមថា ភេរវករសរុបចំនួន ៧នាក់ត្រូវបានសម្លាប់នៅទីតាំងពីរផ្សេងគ្នា។
យោងតាមទីភ្នាក់ងារ ISPR បានឱ្យដឹងថា ឃ្លាំងអាវុធ និងគ្រាប់រំសេវដ៏ធំមួយក៏ត្រូវបានរកឃើញពីក្រុមភេរវករផងដែរ ។ ទីភ្នាក់ងារបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានអនុវត្តន៍ដើម្បីលុបបំបាត់វត្តមានរបស់ភេរវករផ្សេងទៀតចេញពីតំបន់នោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





