អ៊ីរ៉ាក់ផ្ញើសារទៅកាន់ស៊ីរី ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ាក់ (INA) បានរាយការណ៍ថា ប្រធានសេវាស៊ើបការណ៍ជាតិអ៊ីរ៉ាក់ លោក ហាមីដ អាល់ សាទ្រី (Hamid al-Shatri) បាននិយាយថា ទីក្រុងបាកដាដបានផ្ញើសារទៅកាន់ទីក្រុងដាម៉ាស អំពីការគំរាមកំហែងសន្តិសុខដែលបង្កឡើងដោយក្រុមជនអន្ធពាលរដ្ឋអ៊ីស្លាម (IS) នៅក្នុងតំបន់ និងពន្ធនាគារមួយចំនួននៅក្នុងប្រទេសស៊ីរី។
ទីភ្នាក់ងារ INA បានដកស្រង់សម្តីលោក អាល់ សាទ្រី ដែលបាននិយាយក្នុងអំឡុងពេលចូលរួមរបស់លោកនៅក្នុងសន្និសិទសន្ទនាអន្តរជាតិនៅទីក្រុងបាកដាដលើកទី៧ ថា «សង្វៀនអ៊ីរ៉ាក់ និងស៊ីរី មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ីរីប៉ះពាល់ដោយផ្ទាល់ដល់ប្រទេសអ៊ីរ៉ាក់ ហើយផ្ទុយទៅវិញប្រទេសអ៊ីរ៉ាក់បានផ្ញើសារសន្តិសុខយ៉ាងច្បាស់លាស់ទៅកាន់ប្រទេសស៊ីរី អំពីការគំរាមកំហែងដែលបង្កឡើងដោយក្រុមជ្រុលនិយមមួយចំនួន»។
លោកបាននិយាយថា «ប្រទេសអ៊ីរ៉ាក់យកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហានៃការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ (IS) ព្រោះថានៅតែមានកោសិកាជាប់ទាក់ទងនឹងក្រុមក្មេងទំនើងទាំងនេះនៅក្នុងតំបន់ដូចជាវាលខ្សាច់ Homs និងវាលខ្សាច់ Levant »។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក អាល់ សាទ្រី បានដឹកនាំគណៈប្រតិភូអ៊ីរ៉ាក់ជាផ្លូវការជាលើកដំបូងទៅកាន់ប្រទេសស៊ីរី បន្ទាប់ពីការដួលរលំរបស់លោក អាល់ អាសសាដ ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានពិភាក្សាអំពីការអភិវឌ្ឍនៅក្នុងប្រទេសស៊ីរីជាមួយមេដឹកនាំបណ្តោះអាសន្នស៊ីរី លោក អាហ៍មេដ អាល់ សារ៉ាអា (Ahmed Al-Sharaa) ដោយផ្តោតលើស្ថានភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





