អេត្យូពី និងសូម៉ាលី ជំរុញកិច្ចសហប្រតិបត្តិការយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រុមហ៊ុន Fana Broadcasting Corporate ដែលមានទំនាក់ទំនងនឹងរដ្ឋបានរាយការណ៍ថា ប្រទេសអេត្យូពី និងសូម៉ាលី បានកំណត់ដើម្បីបង្កើត «កិច្ចព្រមព្រៀងស្ថានភាពនៃកម្លាំង» សម្រាប់កងកម្លាំងទ្វេភាគីរបស់ពួកគេដែលនឹងប្រតិបត្តិការនៅក្នុងប្រទេសសូម៉ាលី។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ីយ អាហ៍មេដ (Abiy Ahmed) និងប្រធានាធិបតីសូម៉ាលី លោក ហាសសាន់ សីខ៍ ម៉ូហាមូដ (Hassan Sheikh Mohamud) នៅទីក្រុងអាដឌីស អាបាបា ប្រទេសអេត្យូពី និងការពិភាក្សាជាបន្តបន្ទាប់រវាងមេបញ្ជាការនៃប្រទេសជិតខាងទាំងពីរនៅទីក្រុងម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី។
ប្រទេសអេត្យូពី គឺជាអ្នករួមចំណែកដ៏សំខាន់របស់កងទ័ពដល់បេសកកម្មផ្លាស់ប្តូរសហភាពអាហ្រ្វិកនៅប្រទេសសូម៉ាលី (ATMIS) ដែលដំណើរការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ បេសកកម្ម ATMIS ត្រូវបានជំនួសដោយបេសកកម្មគាំទ្រ និងស្ថិរភាពសហភាពអាហ្វ្រិកនៅប្រទេសសូម៉ាលី (AUSSOM) ចាប់តាំងពីខែមករា ឆ្នាំ២០២៥។
គណៈប្រតិភូដឹកនាំដោយ លោក បឺហានូ ជូឡា (Birhanu Jula) ប្រធានបុគ្គលិកនៃកងកម្លាំងការពារជាតិអេត្យូពី (ENDF) បានទៅបំពេញទស្សនកិច្ចការងាររយៈពេលមួយថ្ងៃនៅប្រទេសសូម៉ាលី។ គណៈប្រតិភូអេត្យូពីបានពិភាក្សាជាមួយមន្ត្រីរបស់ប្រទេសសូម៉ាលី រួមទាំងលោក អូដូវ៉ា យូសូហ្វ រ៉ាហ្គេហ៍ (Odowaa Yusuf Rageh) ប្រមុខកងកម្លាំងការពារជាតិសូម៉ាលី លើមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមអាល់សាបាប (Al-Shabaab) និងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។
ប្រមុខដឹកនាំបានគូសបញ្ជាក់អំពីតួនាទីរបស់កងកម្លាំងការពារជាតិអេត្យូពីក្នុងប្រតិបត្តិការគាំទ្រសន្តិភាពសហភាពអាហ្រ្វិក និងបានយល់ព្រមលើការរៀបចំរបស់កងកម្លាំង ENDF នៅក្នុងបេសកកម្ម AUSSOM ។
ពួកគេបានសង្កត់ធ្ងន់បន្ថែមទៀតអំពីតម្រូវការក្នុងការគាំទ្រឱ្យបានគ្រប់គ្រាន់នូវកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម Al-Shabaab និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





