សាលារៀនចំនួន៤៩ នៅកូរ៉េខាងត្បូងត្រូវបិទទ្វារ ចំពេលដែលមានការថយចុះចំនួនប្រជាជន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- សាលារៀនបឋមសិក្សា មធ្យមសិក្សា និងវិទ្យាល័យជាច្រើនទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបិទនៅក្នុងឆ្នាំនេះ ដោយសារចំនួនប្រជាជនក្នុងវ័យសិក្សាមានការធ្លាក់ចុះ ចំពេលដែលមានអត្រាកំណើតទាបរបស់ប្រទេសនេះ។ ក្នុងចំណោមនោះ មានសាលារៀនចំនួន៤៣ ឬ ៨៨% នៃចំនួនសរុប៤៩ ស្ថិតនៅក្នុងខេត្តដែលនៅឆ្ងាយពីរដ្ឋធានី។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងអប់រំដែលបានដាក់ជូនអ្នកតំណាងរាស្រ្ត ជីន ស៊ុនមី (Jin Sun-mee) នៃគណបក្សប្រជាធិបតេយ្យកូរ៉េកាលពីថ្ងៃអាទិត្យ។
តួលេខនេះ គឺខ្ពស់លើសលប់ជាងចំនួនសាលាដែលបានបិទជារៀងរាល់ឆ្នាំក្នុងទីក្រុង និងខេត្តនីមួយៗក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ ចំនួនសាលាដែលបានបិទនៅក្នុងឆ្នាំ២០២០ មានចំនួន៣៣ បន្ទាប់មកបានធ្លាក់ចុះមកនៅត្រឹមចំនួន២៤ នៅក្នុងឆ្នាំ២០២១ ចំនួន២៥ នៅក្នុងឆ្នាំ២០២២ និងចំនួន២២ នៅក្នុងឆ្នាំ ២០២៣ មុននឹងត្រលប់មកដល់ចំនួន៣៣ កាលពីឆ្នាំមុន។
មិនមានសាលារៀនណាមួយនៅក្នុងទីក្រុងសេអ៊ូលត្រូវបានបិទទេ ខណៈដែលសាលារៀនចំនួន៦ នៅក្នុងខេត្តយឹងគី។ ខេត្តជេអូលឡាខាងត្បូងបានស្ថិតនៅលើគេនៅក្នុងតំបន់ដែលមានសាលារៀនចំនួន១០ ដែលគ្រោងនឹងបិទ បន្ទាប់មកគឺខេត្តជុងឈឹងខាងត្បូងមានចំនួន៩ ខេត្តជេអូលឡាខាងជើងមានចំនួន៨ និងខេត្តកាងវ៉ុនមានចំនួន៧។ ទីក្រុងប៊ូសានមានសាលារៀនចំនួន២ និងខេត្តដេគូ មានសាលារៀនចំនួនមួយដែលនឹងត្រូវបិទ។
តាមកម្រិតសាលារៀន សាលារៀនចំនួន៣៨ ក្នុងចំណោមសរុបចំនួន៤៩ ដែលគ្រោងនឹងបិទនោះ គឺជាសាលាកម្រិតបឋមសិក្សា ដែលស្មើនឹងភាគច្រើនលើសលប់ ខណៈដែលសាលារៀនចំនួន៨ ជាសាលាកម្រិតមធ្យមសិក្សា និងសាលារៀនចំនួន៣ ជាសាលាកម្រិតវិទ្យាល័យ។
ទន្ទឹមនឹងនេះដែរ សាលាបឋមសិក្សាចំនួន១១២ នៅទូទាំងប្រទេសមិនមានសិស្សថ្មីចូលរៀនទេកាលពីឆ្នាំមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





