អ្នកទេសចរកូរ៉េទៅកាន់ប្រទេសចិនកើនឡើង ៦០% បន្ទាប់ពីមានការលើកលែងទិដ្ឋាការ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ចំនួនអ្នកទេសចរកូរ៉េទៅកាន់ប្រទេសចិនបានកើនឡើង ៦០% ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានសេចក្តីសម្រេចរបស់ទីក្រុងប៉េកាំងក្នុងការផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ជនជាតិកូរ៉េកាលពីក្នុងខែវិច្ឆិកាឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបាចេញផ្សាយកាលពីថ្ងៃចន្ទ។
ទិន្នន័យដែលបានផ្តល់ទៅឱ្យលោកស្រី ផាក អ៊ុនជឹង (Park Eun-jeong) មកពីគណបក្សកសាងកូរ៉េឡើងវិញ ដោយក្រសួងយុត្តិធម៌បានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងចំនួន ៦៤៧.៩០១នាក់បានធ្វើដំណើរទៅកាន់ប្រទេសចិននៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ ដែលកើនឡើង ៦០,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនដែលមានរយៈពេលប្រាំមួយថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ ប្រជាជនកូរ៉េខាងត្បូងជាង ១០០.០០០នាក់បានធ្វើដំណើរទៅកាន់ប្រទេសចិន។
យោងតាមអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុន បានឱ្យដឹងថា អ្នកដំណើរសរុបចំនួន ១៣៨.១៩៦នាក់បានឡើងជើងហោះហើរទៅកាន់ប្រទេសចិននៅចន្លោះថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ដែលធ្វើឱ្យវាក្លាយជាគោលដៅធ្វើដំណើរដ៏ពេញនិយមបំផុតទីពីរតាមរយៈអាកាសយានដ្ឋានអ៊ីនឈុន បន្ទាប់ពីប្រទេសជប៉ុនក្នុងអំឡុងពេលនោះ។
ការកើនឡើងខ្លាំងក្នុងចំណោមអ្នកធ្វើដំណើរកូរ៉េខាងត្បូងទៅកាន់ប្រទេសចិននេះ ត្រូវបានចាត់ទុកថាភាគច្រើនដោយសារតែការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររយៈពេលខ្លី ដែលជាគោលនយោបាយលើកដំបូងចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតកាលពីក្នុងឆ្នាំ១៩៩២ មក។
ក្រោមគោលនយោបាយដែលបានចូលជាធរមានកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនជាតិកូរ៉េខាងត្បូងអាចចូលទៅក្នុងប្រទេសចិនដោយគ្មានទិដ្ឋាការរហូតដល់រយៈពេល ១៥ថ្ងៃសម្រាប់គោលបំណងទេសចរណ៍ អាជីវកម្ម ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ និងការធ្វើដំណើរឆ្លងកាត់។ ការលើកលែងទិដ្ឋាការនេះនឹងប្រព្រឹត្តទៅរហូតដល់ចុងឆ្នាំ២០២៥។
គោលការណ៍លើកលែងទិដ្ឋាការនេះ គឺជាការទាក់ទាញដ៏សំខាន់សម្រាប់អ្នកធ្វើដំណើរកូរ៉េខាងត្បូង ដែលមុនពេលមានការអនុវត្តគោលនយោបាយនេះ អ្នកធ្វើដំណើរកូរ៉េខាងត្បូងត្រូវទទួលបានទិដ្ឋាការចិនដែលមានតម្លៃប្រហែល ១០០.០០០វ៉ុន (៧០ដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





