សហរដ្ឋអាមេរិកគាំទ្រចំពោះសេចក្តីសម្រេចរបស់អ៊ីស្រាអែលក្នុងការពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ប្រាយអេន ហាក់ហេស (Brian Hughes) បាននិយាយកាលពីថ្ងៃអាទិត្យថា សេតវិមានគាំទ្រចំពោះសេចក្តីសម្រេចរបស់អ៊ីស្រាអែល ក្នុងការពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៦២០នាក់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស់។
លោក ហាក់ហេស បាននិយាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រអ៊ីស្រាអែលនៅក្នុងសកម្មភាពណាមួយដែលខ្លួនជ្រើសរើសទាក់ទងនឹងក្រុមហាម៉ាស់។
អ៊ីស្រាអែលគ្រោងនឹងដោះលែងអ្នកទោសចំនួន ៦២០នាក់នៅថ្ងៃសៅរ៍ ក្រោមដំណាក់កាលទីមួយនៃបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាថ្នូរនឹងអ្នកទោសចំនួន ៦នាក់ដែលត្រូវបានដោះលែងដោយក្រុមហាម៉ាស់ ប៉ុន្តែរដ្ឋាភិបាលអ៊ីស្រាអែលបានពន្យារពេលការដោះលែងនេះ។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមហាម៉ាស់បានថ្កោលទោសចំពោះការពន្យារពេលរបស់អ៊ីស្រាអែលក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីននេះថាជា «ការរំលោភ» បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស។
កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីខែមុន ដោយបានបញ្ឈប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្សជាង ៤៨.៣០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយបានបន្សល់ទុកនូវតំបន់ខ្ទេចខ្ទាំជាច្រើន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





