នូវែលសេឡង់ប្រកាសដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី និងកូរ៉េខាងជើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសនូវែលសេឡង់បានប្រកាសនូវកញ្ចប់ទណ្ឌកម្មបន្ថែមទៅលើអង្គភាពរបស់រុស្ស៊ី ក៏ដូចជាប្រជាជនកូរ៉េខាងជើង និងការគាំទ្រសម្រាប់ការស្តារ និងកសាងឡើងវិញរបស់អ៊ុយក្រែន ខណៈដែលសង្រ្គាមរវាងប្រទេសទាំងពីរបានឈានចូលដល់ឆ្នាំទីបួនកាលពីថ្ងៃចន្ទ។
យោងតាមរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក វីនស្តុន ភែតធ័រស៍ (Winston Peters) បានឱ្យដឹងថា ការដាក់ទណ្ឌកម្មបន្ថែមទាំងនេះបានកំណត់គោលដៅទៅលើបុគ្គល និងអង្គភាពចំនួន៥២ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មយោធារបស់រុស្ស៊ី វិស័យថាមពល ការគាំទ្ររបស់កូរ៉េខាងជើងចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី និងការផ្លាស់ទីលំនៅដោយបង្ខំ ឬការអប់រំឡើងវិញរបស់កុមារអ៊ុយក្រែន»។
ក្រសួងការបរទេសបាននិយាយថា ក្នុងចំណោមប្រជាជនកូរ៉េខាងជើង មានយោធាជាន់ខ្ពស់បានចូលរួមក្នុងការផ្ដល់ជំនួយជាយុទ្ធសាស្រ្តដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។
ក្រសួងក៏បានប្រកាសផងដែរនូវការផ្តល់វិភាគទានបន្ថែមចំនួន ៣លានដុល្លារអាម៉េរិកដល់មូលនិធិសង្គ្រោះអ៊ុយក្រែន ការស្តារឡើងវិញ ការកសាងឡើងវិញ និងកំណែទម្រង់ Trust Fund ដែលកំពុងជួយដល់អ៊ុយក្រែន និងត្រូវបានគ្រប់គ្រងដោយធនាគារពិភពលោក។
យោងតាមការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រជាជនចំនួន ១២,៧លាននាក់ ឬ ៣៦% នៃចំនួនប្រជាជនអ៊ុយក្រែន ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់នៅក្នុងឆ្នាំ២០២៥។
ប្រទេសនូវែលសេឡង់បានដាក់ទណ្ឌកម្មទៅលើបុគ្គល និងអង្គភាពជាង១.៨០០ ដែលភាគច្រើនជាជនជាតិរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





