សហភាពអឺរ៉ុបផ្អាកទណ្ឌកម្មលើវិស័យសំខាន់ៗរបស់ស៊ីរី ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងកសាងឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- សហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកការដាក់ទណ្ឌកម្មលើវិស័យថាមពល ការដឹកជញ្ជូន និងធនាគាររបស់ប្រទេសស៊ីរី ដើម្បីជួយដល់ការកសាងប្រទេសឡើងវិញបន្ទាប់ពីការដួលរលំនៃរបបលោក បាសា អាសាដ (Bashar Assad)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយថា ការអនុវត្តនេះមានគោលបំណងសម្របសម្រួលការចូលរួមជាមួយប្រទេសស៊ីរី ប្រជាជន និងអាជីវកម្មនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យថាមពល និងការដឹកជញ្ជូន ក៏ដូចជាជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ និងធនាគារដែលទាក់ទងនឹងវិស័យទាំងនោះផងដែរ ដែលជាផ្នែកមួយសម្រាប់គោលបំណងមនុស្សធម៌ និងការកសាងឡើងវិញ។
បទប្បញ្ញត្តិសំខាន់ៗនៃសេចក្តីសម្រេចនាពេលបច្ចុប្បន្ននេះ រួមមានការផ្អាកវិធានការតាមវិស័យនានាដែលប៉ះពាល់ដល់វិស័យថាមពល និងដឹកជញ្ជូន ដែលរួមមានប្រេង ឧស្ម័ន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
លើសពីនេះទៀត អង្គភាពស៊ីរីចំនួនប្រាំ ដែលរួមមានធនាគារឧស្សាហកម្ម ធនាគារឥណទានពេញនិយម ធនាគារសន្សំ ធនាគារសហករណ៍កសិកម្ម និងក្រុមហ៊ុនអាកាសចរណ៍ស៊ីរីអារ៉ាប់ ត្រូវបានដកចេញពីបញ្ជីនៃអង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ការអនុវត្តនេះក៏ជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុជាមួយធនាគារកណ្តាលស៊ីរីសម្រាប់គោលបំណងមនុស្សធម៌ និងការកសាងឡើងវិញផងដែរ។
ជាងនេះទៅទៀត សហភាពអឺរ៉ុបបានសម្រេចចិត្តបន្តការលើកលែងមនុស្សធម៌ដោយគ្មានកំណត់ ដោយធានាឱ្យបាននូវការគាំទ្របន្តសម្រាប់កិច្ចខិតខំប្រឹងប្រែងជំនួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





