រដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រកាសអំពីជំនួបថ្មីមួយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចប្រជុំថ្មីរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីតួកគី លោក ហាកាន់ ហ្វីដាន់ (Hakan Fidan) នៅទីក្រុងអង់ការ៉ា លោក ឡាវរ៉ូវ បាននិយាយថា កិច្ចពិភាក្សាពេញលេញរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវបានកំណត់នៅក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយឧបសគ្គក្នុងប្រតិបត្តិការបេសកកម្មការទូត។
លោក ឡាវរ៉ូវ ក៏បាននិយាយផងដែរថា លោកបានរាយការណ៍សង្ខេបទៅកាន់លោក ហ្វីដាន់ អំពីលទ្ធផលនៃកិច្ចពិភាក្សាកាលពីសប្តាហ៍មុនជាមួយសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត។
លោកបាននិយាយថា «យើងបានជូនដំណឹងដល់មិត្តភក្តិតួកគីរបស់យើងយ៉ាងលម្អិតអំពីកិច្ចចរចារុស្ស៊ី-សហរដ្ឋអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្នុងទីក្រុងរីយ៉ាដ ដែលត្រូវបានវាយតម្លៃខ្ពស់ចំពោះឱកាសដើម្បីបញ្ចប់កិច្ចសន្ទនាធម្មតា បើទោះបីជានៅមានភាពផ្ទុយគ្នាមួយចំនួនក៏ដោយ»។
នៅពេលសួរអំពីលទ្ធភាពនៃដំណោះស្រាយនៃជម្លោះអ៊ុយក្រែន អ្នកការទូតរុស្ស៊ីកំពូលរូបនេះបាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយអ៊ុយក្រែន អឺរ៉ុប និងភាគីណាមួយដែលមានឆន្ទៈ ប៉ុន្តែការប្រយុទ្ធនឹងបញ្ឈប់នៅពេលដែលដំណោះស្រាយដែលអាចទទួលយកបានចំពោះទីក្រុងម៉ូស្គូត្រូវបានសម្រេច។
លោកបានរំលឹកថា រុស្ស៊ីបានប្រកាសបទឈប់បាញ់គ្នាជាច្រើនលើក ប៉ុន្តែអ៊ុយក្រែនបានប្រើឱកាសទាំងនោះដើម្បីពង្រឹងតួនាទីរបស់ខ្លួន។
លោកបាននិយាយថា «យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយអ៊ុយក្រែន អឺរ៉ុប និងតំណាងណាមួយដែលចង់ជួយឱ្យសម្រេចបានសន្តិភាពដោយស្មោះត្រង់ ប៉ុន្តែយើងនឹងបញ្ឈប់ការប្រយុទ្ធគ្នាលុះត្រាតែការចរចាទាំងនេះបង្កើតបានលទ្ធផលរឹងមាំ និងមាននិរន្តរភាពដែលសាកសមនឹងសហព័ន្ធរុស្ស៊ី»។
លោកក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនត្រូវបានសម្រេចនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីក្នុងខែមេសា ឆ្នាំ២០២២ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានរារាំងវា ហើយលោកខាងលិចបានរារាំងការអនុវត្តរបស់ខ្លួនដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីចុះខ្សោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





