រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាដើមសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាស្តីពីផែនការលើពន្ធថ្មី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូង លោក អាន ដុកហ្គន់ (Ahn Duk-geun) នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅដើមសប្តាហ៍នេះ សម្រាប់ការពិភាក្សាលើផែនការពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចដែលបានស្នើនេះធ្វើឡើងស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីផែនការដាក់ពន្ធលើទំនិញនាំចូលចាប់ពីខែមេសា។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ បាននិយាយថា «បច្ចុប្បន្នយើងកំពុងរៀបចំជាមួយមន្ត្រីសហរដ្ឋអាមេរិក ដើម្បីចាក់សោរកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់លោក អាន» ដោយលោកបានបន្ថែមថា ការធ្វើដំណើរនេះអាចប្រព្រឹត្តទៅនៅដើមសប្តាហ៍នេះ។
មន្ត្រីរូបនេះបានបន្ថែមថា «យើងកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីដាក់ចេញនូវគោលជំហររបស់យើងលើបញ្ហានេះ ហើយឱ្យវាឆ្លុះបញ្ចាំងមុនពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនពេញលក្ខណៈ» ។
លោក អាន ត្រូវបានគេដឹងថាកំពុងរៀបចំកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងលេខាធិការពាណិជ្ជកម្ម លោក ហូវឺដ លូតនីក (Howard Lutnick) និងលេខាធិការថាមពល លោក គ្រីស រ៉ាយ (Chris Wright) និងមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (NEC) ក្នុងចំណោមអ្នកផ្សេងទៀត។
កាលពីដើមខែនេះ លោក ត្រាំ បានប្រកាសជាផ្លូវការនូវពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ហើយបានបញ្ជាឱ្យរដ្ឋបាលរបស់លោកពិនិត្យមើលពន្ធ «ទៅវិញទៅមក» ដើម្បីផ្គូផ្គងអត្រាពន្ធដែលប្រទេសផ្សេងទៀតដាក់លើការនាំចេញរបស់សហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី ផាក ជុងវ៉ុន (Park Jong-won) បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនដើម្បីជួបជាមួយមន្ត្រីមកពីសេតវិមាន និងនាយកដ្ឋានពាណិជ្ជកម្ម ព្រមទាំងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលក្នុងនោះលោកបាននិយាយថា លោកបានជំរុញឱ្យសហរដ្ឋអាមេរិកដកកូរ៉េខាងត្បូងចេញពីផែនការពន្ធថ្មីរបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





