ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសកូរ៉េខាងជើងចូលកាន់តំណែង បន្ទាប់ពីបានបង្ហាញលិខិតបញ្ជាក់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឱ្យដឹងថា ប្រេសិតកំពូលរបស់ប្រទេសស្វីសប្រចាំប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមភារកិច្ចរបស់លោកបន្ទាប់ពីបានបញ្ជូនលិខិតបញ្ជាក់ទៅ លោក ចូ យ៉ុងហេ (Choe Ryong-hae) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថាលោក ចូ ត្រូវបានបង្ហាញដោយលិខិតសម្គាល់ពីលោក ជួហ្គ បួរី (JurgBurri) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសស្វីសប្រចាំប្រទេសកូរ៉េខាងជើង នៅសាលប្រជុំ Mansudae ក្នុងនាមមេដឹកនាំប្រទេស លោក គីម ជុងអ៊ុន (Kim Jong-un) ។
ប្រទេសកូរ៉េខាងជើង និងស្វីស បានរៀបចំព្រឹត្តិការណ៍មួយដើម្បីអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតរបស់ពួកគេនៅស្ថានទូតកូរ៉េខាងជើងប្រចាំប្រទេសស្វីស កាលពីខែមុន។
កាលពីខែកញ្ញាឆ្នាំមុន ប្រទេសស៊ុយអែតបានបញ្ជូនអ្នកការទូតរបស់ខ្លួនទៅកាន់ស្ថានទូតនៅក្នុងប្រទេសកូរ៉េខាងជើង ដោយបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលធ្វើដូច្នេះចាប់តាំងពីការគ្រប់គ្រងព្រំដែននៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ ដែលនាំឱ្យមានការដកអ្នកការទូតបរទេសភាគច្រើនចេញពីប្រទេស។
ជាមួយគ្នានេះ ប្រទេសប៉ូឡូញបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងព្យុងយ៉ាងក្នុងខែវិច្ឆិកា ហើយប្រទេសស្វីសបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួន ដោយប្រទេសលោកខាងលិចកាន់តែច្រើនហាក់ដូចជាកំពុងរៀបចំដើម្បីបន្តសកម្មភាពការទូតនៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រទេសមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងដូចជាប្រទេសចិន រុស្ស៊ី ម៉ុងហ្គោលី និងគុយបា បាននឹងកំពុងប្រតិបត្តិការស្ថានទូតរបស់ពួកគេនៅកូរ៉េខាងជើងជាមួយនឹងសមត្ថភាពមានកម្រិតចាប់តាំងពីការគ្រប់គ្រងព្រំដែនត្រូវបានដកចេញនៅក្នុងខែសីហាឆ្នាំ២០២៣។
យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានឱ្យដឹងថា ស្ថានទូតបរទេសចំនួន ១៥ស្ថាប័នកំពុងប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ រួមទាំងមកពីប្រទេសប្រេស៊ីល អ៊ីរ៉ង់ ឥណ្ឌា នីហ្សេរីយ៉ា និងនីការ៉ាហ្គា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





