ហ្ស៊កដានី និងសម្ព័ន្ធអារ៉ាប់ តវ៉ាប្រឆាំងចំពោះការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រទេសហ្ស៊កដានី និងសម្ព័ន្ធអារ៉ាប់កាលពីថ្ងៃអាទិត្យបានអះអាងជាថ្មីនូវជំហររឹងមាំរបស់ពួកគេប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្សកដានីបានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងអាមម៉ាន់ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានី លោក អាយម៉ាន់ សាហ្វាឌី (Ayman Safadi) និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ អាហ៍មេដ អាប៊ូល ហ្គេអ៊ីត (Ahmed Aboul Gheit) ភាគីទាំងពីរបានសង្កត់ធ្ងន់ថា តំបន់ហ្គាហ្សាអាចត្រូវបានសាងសង់ឡើងវិញដោយមិនមានការផ្លាស់ទីលំនៅរបស់ប្រជាជន។
ភាគីទាំងពីរក៏បានលើកឡើងពីតួនាទីរបស់ប្រទេសអេហ្ស៊ីប ក្នុងការបង្កើតផែនការដើម្បីសម្រេចបាននូវចំណុចទាំងនេះដោយមានការគាំទ្រពីសម្ព័ន្ធអារ៉ាប់។
លោក សាហ្វាឌី និងលោក អាប៊ូល ហ្គេអ៊ីត ក៏បានពិភាក្សាអំពីវិធីដើម្បីបង្កើនសកម្មភាពរបស់សម្ព័ន្ធអារ៉ាប់រួម ពិនិត្យការវិវឌ្ឍក្នុងតំបន់ចុងក្រោយបង្អស់ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអារ៉ាប់គ្រាអាសន្នដែលគ្រោងធ្វើនៅដើមខែក្រោយ។
ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អារ៉ាប់ ការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងការបម្រើផលប្រយោជន៍និងបុព្វហេតុរបស់អារ៉ាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





