នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និង IATA ពិភាក្សាអំពីការដកបម្រាមរបស់សហភាពអឺរ៉ុប លើអាកាសចរណ៍អ៊ីរ៉ាក់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ការិយាល័យបាននិយាយថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ម៉ូហាមមេដ សៀ អាល់ ស៊ូដានី (Mohammed Shia al-Sudani) បានពិភាក្សាជាមួយគណៈប្រតិភូមកពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដើម្បីលុបចោលការហាមឃាត់របស់សហភាពអឺរ៉ុបលើក្រុមហ៊ុនអាកាសចរណ៍ជាតិ Iraqi Airways ។
សេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថាលោក អាល់ ស៊ូដានី បានជួបជាមួយគណៈប្រតិភូ IATA ដែលដឹកនាំដោយអនុប្រធានាធិបតីប្រចាំតំបន់សម្រាប់តំបន់អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាលោក កាមីល អាល់ អាវ៉ាឌី (Kamil al-Awadhi) និងបានពិនិត្យមើលវិធានការធ្វើឡើងដោយគណៈកម្មាធិការអ៊ីរ៉ាក់ដែលមានភារកិច្ចបំពេញតាមតម្រូវការដើម្បីលុបចោលការហាមឃាត់នេះ ។
ការពិភាក្សាបានគ្របដណ្តប់លើ «ការអនុវត្តរបស់ប្រទេសអ៊ីរ៉ាក់ចំពោះស្វ័យប្រវត្តិកម្មនៅទូទាំងផ្នែកប្រតិបត្តិការទាំងអស់ ដោយការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ការជំរុញជំនាញបុគ្គលិកនិងការលើកកម្ពស់គុណភាពនៃសេវាកម្មដែលផ្តល់ដល់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ» ។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក អាល់ ស៊ូដានី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការត្រួតពិនិត្យគណៈកម្មាធិការ និងធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខាររបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអាកាសចរណ៍អន្តរជាតិ និងការរក្សាល្បឿនជាមួយនឹងការអភិវឌ្ឍក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស។
លោក អាល់ អាវ៉ាឌី បានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ាក់បានសម្រេចនូវវឌ្ឍនភាព ៥៦% ក្នុងការអនុវត្តផែនការសកម្មភាពកែតម្រូវ ហើយគម្រោងនេះកំពុងដំណើរការទៅមុខតាមការគ្រោងទុក។
សហភាពអឺរ៉ុបបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ាក់មិនឱ្យចូលក្នុងដែនអាកាសអឺរ៉ុបក្នុងឆ្នាំ២០២៥ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងប្រតិបត្តិការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





